(បរទេស)៖ ចាប់តាំងពីអតីតប្រធានផ្នែកឌីហ្សាញ Apple លោក Jony Ive បានចាកចេញពីក្រុមហ៊ុនក្នុងឆ្នាំ២០១៩ មកលោកក៏នៅតែបន្តធ្វើការឱ្យ Apple ក្នុងនាមជាអ្នកប្រឹក្សាតាមរយៈក្រុមហ៊ុនឌីហ្សាញផ្ទាល់ខ្លួនរបស់លោក។ ប៉ុន្តែភាពជាដៃគូរវាង Apple និង Ive ឥឡូវនេះបានប្រកាសថាត្រូវបានបញ្ចប់ទំនាក់ទំនងជាមួយគ្នាទាំងស្រុង នេះបើយោងតាមការសែត The New York Time។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា Apple និង Ive បានយល់ព្រមឈប់ធ្វើការជាមួយគ្នាទាំងសងខាង ដោយបញ្ចប់នូវទំនាក់ទំនងជាង ៣០។ ខណៈពីមុន Ive គឺជាអ្នកទទួលខុសត្រូវលើផលិតផលធំបំផុតមួយចំនួនរបស់ Apple ដូចជាការឌីហ្សាញ iPhone, Apple Watch, Macs ហើយក៏ជាអ្នកមើលការខុសត្រូវទៅលើហាងលក់រាយរបស់ Apple ផងដែរ។

ដោយឡែកក្នុងខែមិថុនា ឆ្នាំ២០១៩ Ive ក៏បានប្រកាសចាកចេញពីក្រុមហ៊ុន Apple ដើម្បីចាប់ផ្តើក្រុមហ៊ុនឌីហ្សាញឯករាជ្យមួយដែលមានឈ្មោះថា LoveFrom។ ដោយឡែកនៅក្នុងសេចក្តីប្រកាសព័ត៌មាន Ive បាននិយាយថា លោកនឹងនៅតែធ្វើការជាមួយ Apple ក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខទៀត។

អំឡុងពេលដែល Ive ចាកចេញ Apple បានចុះកុងត្រាច្រើនឆ្នាំជាមួយគាត់ ដែលមានតម្លៃជាង ១០០លានដុល្លារឯណោះ។ នៅក្រោមលក្ខណ្ឌនេះ Apple គឺជាអតិថិជនចម្បងរបស់ LoveFrom ប៉ុន្តែកិច្ចព្រមព្រៀងបានដាក់កំហិត Ive ពីការធ្វើការងារលើគម្រោង ដែលធ្វើឱ្យ Apple យល់ឃើញថាវាជាការប្រកួតប្រជែង។

តែយ៉ាងណាមិញកិច្ចព្រមព្រៀងនោះក៏ត្រូវបានមកដល់ទីបញ្ចប់ បើទោះបីជា Ive និង Apple ត្រូវបានកំណត់ឱ្យបន្តកិច្ចសន្យាដោយ ក៏ពួកបានបដិសេធនិងសម្រេថាមិនបន្តវាទៀតនោះទេ។ ទន្ទឹមនឹងការបញ្ចប់ទំនាក់ទំនងនេះហេតុផលរបស់ Ive គឺចង់មានស៊េរីភាពក្នុងការជ្រើសរើសអតិថិជនរបស់គាត់ដោយមិនចាំបាច់មានការសម្រេចចិត្តពី Apple។

គួរបញ្ជាក់ដែរថា Ive បានចូលរួមជាមួយ Apple ក្នុងឆ្នាំ១៩៩២ គឺជាទស្សនវិស័យនៅពីក្រោយការឌីហ្សាញផ្នែក Hardware របស់ Apple ជាច្រើនរួមទាំងកាស iMax និង iPod ផងដែរ។ បន្ទាប់ពីបណ្តេញលោក Scott Forstall ចេញលោក Ive ត្រូវបានដាក់ឱ្យទទួលតួនាទីបន្ថែមទៀតដោយមើលការខុសត្រូវលើការឌីហ្សាញ Software ផងដែរ ដែលចាប់ពីជំនាន់ iOS 7 មកមានរូបរាងខុសគ្នាយ៉ាងខ្លាំងបើធៀបនឹងកំណែជំនាន់មុន៕