(ណៃរ៉ូប៊ី)៖ បុរសដែលរត់លឿនជាងគេបំផុតប្រចាំទ្វីបអាហ្វ្រិក Ferdinand Omanyala កំពុងមានភាពមិនប្រាកដប្រជា ក្នុងការចូលរួមនៅឯព្រឹត្តិការណ៍ World Championships នាសប្តាហ៍នេះនៅសហរដ្ឋអាមេរិក ដោយសារតែបុរសសញ្ជាតិកេនយ៉ារូបនេះ កំពុងប្រឈមមុខនឹងបញ្ហាទិដ្ឋាការ។ នេះបើតាមសម្តីអ្នកនាំពាក្យរបស់លោក ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

Omanyala បានបង្កើតកំណត់ត្រាដោយរត់ចម្ងាយ ១០០ម៉ែត្រ ផ្នែកបុរសនៅទ្វីបអាហ្វ្រិក បន្ទាប់ពីប្រើពេលវេលាតែ ៩.៧៧វិនាទីប៉ុណ្ណោះនៅឯព្រឹត្តិការណ៍ Kip Keino Classic ក្នុងទីក្រុង Nairobi កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

Omanyala ស្ថិតក្នុងបញ្ជីឈ្មោះចូលរួមប្រកួតក្នុងការរត់ប្រណាំងចម្ងាយ១០០ម៉ែត្រ នៅឯព្រឹត្តិការណ៍ World Championships ដែលនឹងចាប់ផ្តើមនៅទីក្រុង Eugene រដ្ឋ Oregon នៅថ្ងៃសុក្រស្អែកនេះ។

«Ferdinand កំពុងរង់ចាំទិដ្ឋាការរបស់លោក ដើម្បីធ្វើដំណើរចាកចេញពីទីក្រុង Nairobi»។ នេះបើតាមសម្តីអ្នកនាំពាក្យ Omanyala បានប្រាប់សារព័ត៌មាន Reuters។ «វាជាការខកខាន ប៉ុន្តែនៅតែមានសង្ឃឹម ក្នុងការធ្វើដំណើរទៅប្រកួតនេះ»

កីឡាករវ័យ២៩ឆ្នាំរូបនេះ បានឈ្នះពាន់រង្វាន់ រត់ចម្ងាយ១០០ម៉ែត្រ ប្រចាំទ្វីបអាហ្វ្រិក កាលពីខែមុន និងជាកីឡាករសញ្ជាតិកេនយ៉ាដំបូងគេ ដែលបានឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅឯព្រឹត្តិការណ៍ Olympic ចម្ងាយ១០០ម៉ែត្រ នៅទីក្រុង Tokyo កាលពីឆ្នាំមុន៕