(ភ្នំពេញ)៖ ក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា គឺកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានឈ្នះមេដាយមាស ១គ្រឿងទៀតហើយ នៅក្នុងព្រឹត្តិការណ៍កីឡាពិភពលោក The World Games 2022 នាទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះក្រុមកីឡាការិនីបារាំង Nadege BAUSSIAN និង Caroline Marie BOURRIAUD ដោយពិន្ទុ ៧-៥ លើវិញ្ញាសាវាយគូ ២នាក់ ទល់ ២នាក់ នៅវគ្គផ្ដាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នេះ (ពេលវេលានៅកម្ពុជា)។

គួរដឹងថា វិញ្ញាសាវាយគូនារីនេះ គឺមានបេក្ខភាព ៨ក្រុមចូលរួម ដោយបែងចែកជា ២ពូល ក្នុងនោះកម្ពុជាស្ថិតក្នុងពូល A ជាមួយបារាំង កាណាដា និងដាណឺម៉ាក ខណៈពូល B មានអាល្លឺម៉ង់ ប៊ែលហ្ស៊ិក ថៃ និងម្ចាស់ផ្ទះអាមេរិក។ រូបមន្ដប្រកួត គឺប្រើប្រព័ន្ធប្រកួតវិលជុំក្នុងពូលនីមួយៗ ហើយក្រុមឈរលេខ១ ក្នុងពូលត្រូវឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈក្រុមឈរលេខ២ និងលេខ៣ នៃពូលនីមួយៗ ត្រូវជួបគ្នា ដើម្បីរកអ្នកឈ្នះឡើងបង្គ្រប់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ជាលទ្ធផលនៃការប្រកួតជុំដំបូង ក្រុមកីឡាការិនីកម្ពុជា បានយកឈ្នះក្រុមកីឡាការិនីដាណឺម៉ាក ១៣-៥ពិន្ទុ តែបានចាញ់បារាំង ៩-៧។ ការណ៍នេះ នាំឲ្យកម្ពុជា ត្រូវជួបក្រុមដាណឺម៉ាកជាថ្មី តែកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បន្ដធ្វើបានយ៉ាងល្អ ដោយបន្ដយកឈ្នះក្រុមដាណឺម៉ាក ១៣-៤ពិន្ទុ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុមបារាំង ដែលឈរលេខ១ ក្នុងពូល។ រីឯពូល B គឺមានក្រុមថៃ ឈរលេខ១ និងអាល្លឺម៉ង ឈរលេខ២។

សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមកីឡាការិនីកម្ពុជា បានបង្កការភ្ញាក់ផ្អើល ដោយបានយកឈ្នះក្រុមខ្លាំងថៃ ដោយពិន្ទុ ១២-១០ ដើម្បីឡើងទៅជួបក្រុមបារាំង ជាថ្មី នៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីបារាំង បានយកឈ្នះក្រុមអាល្លឺម៉ង់ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ដោយពិន្ទុ ១៣-៣។

ឈានដល់វគ្គផ្ដាច់ព្រ័ត្រ កីឡាការិនីឆ្នើមរបស់កម្ពុជា អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានធ្វើឲ្យក្រុមកីឡាការិនីបារាំង Nadege BAUSSIAN និង Caroline Marie BOURRIAUD ខកចិត្តវិញ បន្ទាប់ពីក្រុមកម្ពុជា សងសឹកបានវិញ ជាមួយការយកឈ្នះក្នុងលទ្ធផល ៧-៥ពិន្ទុ ដើម្បីគ្រងមេដាយមាស លើវិញ្ញាសាវាយគូនារី ២នាក់ ទល់ ២នាក់ នៃព្រឹត្តិការណ៍ The World Games 2022 នៅអាមេរិក ដ្បិតកាលពីវគ្គសន្សំពិន្ទុក្នុងពូល កម្ពុជា បានចាញ់បារាំង ៩-៧ពិន្ទុ។

នេះគឺជាមេដាយមាសទី២ សម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក ឆ្នាំ២០២២ ខណៈមេដាយមាសទី១ គឺដណ្ដើមបានដោយវីរកីឡាការិនី អ៊ុក ស្រីមុំ លើវិញ្ញាវាយយកពិន្ទុ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka HOWE ដោយលទ្ធផល ៤១-២១ពិន្ទុ កាលពីម្សិលមិញ។ កម្ពុជាបានអស់វិញ្ញាសាប្រកួតហើយ ដោយកម្ពុជា បានបញ្ជូនតែកីឡាការិនីប៉េតង់ ២រូបប៉ុណ្ណោះចូលរួមព្រឹត្តិការណ៍នេះ៕