(ស៊ីហ្សូកា)៖ ក្រុមហ៊ុន Suzuki នឹងចាកចេញពីព្រឹត្តិការណ៍ប្រណាំងម៉ូតូ MotoGP នៅពេលចប់រដូវកាលនេះ បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្សព្វផ្សាយ Dorna។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនផលិតយានយន្តជប៉ុន ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២២។

វាក៏នឹងបញ្ចប់ការពាក់ព័ន្ធរបស់ក្រុមហ៊ុន Suzuki ផងដែរនៅក្នុងព្រឹត្តិការណ៍ World Endurance Championship។

«Suzuki Motor Corporation និងក្រុមហ៊ុន Dorna បានសម្រេចកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការចូលរួមរបស់ក្រុមហ៊ុន Suzuki នៅក្នុងព្រឹត្តិការណ៍ MotoGP នៅពេលចប់រដូវកាលឆ្នាំ២០២២ នេះ»។ នេះបើតាមក្រុមហ៊ុន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

សេចក្តីថ្លែងការណ៍នោះមិនបានផ្តល់ព័ត៌មានលម្អិតនៃការដោះស្រាយណាមួយ ពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុឡើយ។

ក្រុមហ៊ុនផលិតយានយន្តជប៉ុនមួយនេះ បានប្រកាសកាលពីខែឧសភាថា ខ្លួនចង់ចាកចេញពីព្រឹត្តិការណ៍ MotoGP បើទោះបីជាកាលពីពេលមុន បានប្តេជ្ញាចិត្តបន្តដល់ឆ្នាំ២០២៦ ក៏ដោយ ប៉ុន្តែក្រុមហ៊ុន Dorna បានលើកឡើងថា ក្រុមហ៊ុន Suzuki មិនអាចធ្វើការសម្រេចចិត្តដោយឯកតោភាគីនោះទេ។

ប្រធានក្រុមហ៊ុន Suzuki លោក Toshihiro Suzuki បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ការសម្រេចចិត្តចាកចេញពី MotoGP គឺដោយសារតែ «តម្រូវការដើម្បីបែងចែកធនធានឡើងវិញ លើគំនិតផ្តួចផ្តើមផ្សេងទៀត សម្រាប់និរន្តរភាព»