(ម៉ាទ្រីដ)៖ ក្លិប Valencia បានធ្វើការចុះកិច្ចសន្យាជាលើកដំបូងរបស់ខ្លួន មុនរដូវកាល La Liga ថ្មី ជាមួយនឹងការទៅដល់នៃខ្សែបម្រើស្លាប Samuel Castillejo លើការផ្ទេរដោយឥតបង់ថ្លៃ ផ្លាស់មកពីក្លិប AC Milan។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

ការផ្លាស់នេះត្រូវបានគេមើលឃើញថា កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានវិលត្រឡប់ទៅលេងនៅអេស្ប៉ាញវិញ ជាទីកន្លែងដែលកាលពីពេលមុន លោកធ្លាប់បានលេងឲ្យក្លិប Malaga និងក្លិប Villarreal បន្ទាប់ពីបានលេង ៤រដូវកាល នៅអ៉ីតាលី។

ការវិលត្រឡប់នេះ លោកនឹងធ្វើការជាមួយគ្រូបង្វឹកថ្មីរបស់ក្លិប Valencia គឺលោក Gennaro Gattuso ដែលកាលពីមុនធ្លាប់ជាគ្រូបង្វឹករបស់កីឡាករ Castillejo នៅឯក្លិប Milan ដែរ។

ការផ្លាស់ទៅលេងឲ្យ Valencia របស់កីឡាករ Castillejo នឹងជួយដល់ក្លិប ដែលបានបាត់បង់កីឡាករដូចជា Denis Cheryshev, Helder Costa និងកីឡាករ Bryan Gil ដែលពួកគេចាកចេញនូវពេលចប់រដូវកាលមុន។

សូមជម្រាបថា Valencia បានព្យាយាមដើម្បីចុះកិច្ចសន្យាជាមួយកីឡាករ Castillejo តាំងពីខែមករាមកម្ល៉េះ ប៉ុន្តែបានជំនួសមកវិញ នូវការចុះកិច្ចសន្យា ជាមួយកីឡាករ Gil ក្នុងលក្ខខណ្ឌលេងខ្ចីជើងមកពីក្លិប Tottenham៕