(អាមេរិក)៖ តារាសម្តែងល្បីឈ្មោះក្នុងជួរហូលីវូដ ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមីរបស់ Angelina Jolie នោះ ស្រាប់តែបង្ហើបប្រាប់អ្នកគាំទ្រ ដោយលោកជឿជាក់ថា ខ្លួនកំពុងតែមានអាការៈនៃជំងឺដ៏កម្រម្យ៉ាង ដែលធ្វើឲ្យរូបលោកផ្ទាល់ មិនចងចាំមុខមនុស្សឡើយ ទោះបីជាអ្នកធ្លាប់ស្គាល់គ្នាពីមុនក៏ដោយ ដែលហៅថា ជំងឺភ្លេចភ្លេចមុខមនុស្ស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន US News។

ថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍មួយជាមួយទស្សនាវដ្តី GQ តារាហូលីវូដវ័យ៥៨ឆ្នាំរូបនេះ បាននិយាយថា លោកគិតថា លោកមានជំងឺម្យ៉ាងឈ្មោះថា «Prosopagnosia» ដែលជំងឺសរសៃប្រសាទដ៏កម្រមួយ ធ្វើឲ្យពិបាកក្នុងការចងចាំមុខមនុស្ស ខណៈមិនទាន់បានធ្វើរោគវិនិច្ឆ័យផ្លូវការនោះ លោកបាននិយាយថា «គ្មាននរណាម្នាក់ជឿខ្ញុំនោះទេ...ខ្ញុំក៏ចង់ជួបមនុស្សម្នាដូចគ្នា»។ ការនិយាយបែបនេះ ឆ្លើយតបទៅនឹងមូលហេតុដែលលោកស្នាក់នៅផ្ទះច្រើន មិនសូវចេញក្រៅ ដោយមូលហេតុគឺមកពីជំងឺនេះ។

បញ្ហានេះត្រូវបានគេចាត់ទុកថា ជាជំងឺដ៏កម្រមួយ ខណៈអ្នកកើតជំងឺនេះ ត្រូវបានអ្នកជំនាញនិយាយថា អាចមានភាពលំបាកក្នុងការសម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្ស ដូចជា អាយុ ភេទ ឬការបញ្ចេញទឹកមុខជាដើម។ ងាមកតារាសម្តែង Brad Pitt បានដាច់ចិត្តទម្លាយបែបនេះ បន្ទាប់ពីលោកជួបបញ្ហាពេលចូលរួមក្នុងកម្មវិធីជប់លៀង និងជួបមនុស្សថ្មីៗ ដោយលោកមិនអាចចាំមុខមនុស្សបានឡើយ ហើយនេះជាមូលហេតុចម្បងដែលលោកសម្រេចចិត្តស្នាក់នៅតែក្នុងផ្ទះ មិនចូលរួមកម្មវិធីនានា ព្រោះថាបើនរណាមិនដឹង នឹងគិតថាលោកមិនគោរពគេជាដើម៕