(បរទេស)៖ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ជប៉ុន Panasonic បានឱ្យដឹងនៅថ្ងៃពុធថាខ្លួនគ្រោងវិនិយោគខ្ទង់ ៤ពាន់លានដុល្លារនៅក្នុងរោងចក្រអាគុយរថយន្តអគ្គិសនីទីពីររបស់សហរដ្ឋអាមេរិក ដែលមានទីតាំងស្ថិតនៅរដ្ឋ Kansas ក្នុងគោលបំណងបង្កើនការផលិត និងផ្គត់ផ្គង់អាគុយលីចូម-អ៊ីយ៉ុងដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

តាមរបាយការណ៍បានឱ្យដឹងថា គម្រោងថ្មីនេះគ្រោងបង្កើតក្នុងទំហំធំជាងរោងចក្របណ្តាក់ទុនជាមួយ Tesla ទៅទៀត ខណៈដែលរោងចក្រ Gigafactory របស់ Tesla ដែលស្ថិតនៅ Spark រដ្ឋ Nevada គឺជាកន្លែងដែលផលិតអាគុយលីចូម-អ៊ីយ៉ុងធំជាងគេបំផុតមួយនៅលើពិភពលោករួចទៅហើយ។ ក្នុងកិច្ចព្រមព្រៀងនេះនឹងតំណាងឱ្យគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងប្រវត្ថិសាស្រ្តរបស់ Kansas ជាមួយនឹងឪកាសបង្កើតការងារថ្មីរហូតដល់ ៤,០០០នាក់ក្នុងស្រុកនៅពេលដែលវាបើកដំណើរការក្នុងរយៈពេល ២ទៅ៣ឆ្នាំទៀត។

យ៉ាងណាមិញក្រុមហ៊ុនផ្គត់ផ្គង់អេឡិចត្រូនិចដ៏ធំនេះបានបន្ថែមឱ្យដឹងថា ខ្លួនមានបំណងចាប់ផ្តើមផលិតកម្មអាគុយដែលមានសមត្ថភាពខ្ពស់សម្រាប់ Tesla នៅដើមឆ្នាំ២០២៤ ខាងមុខនេះតែម្តង ជាមួយនឹងការបង្កើនសមត្ថភាពថាមពលខ្លាំងជាងមុនដល់ទៅ ៥ដងឯណោះ។

ទន្ទឹមនឹងនេះនាយកប្រតិបត្តិ (CEO) លោក Kazuo Tadanobu ក្រុមហ៊ុន Panasonic Energy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជាមួយនឹងការកើនឡើងនៃការប្រើប្រាស់ថាមពលអគ្គិសនីនៃទីផ្សាររថយន្ត ការពង្រីករោងចក្រផលិតអាគុយនៅក្នុងសហរដ្ឋអាមេរិកគឺមានសារៈសំខាន់ជាខ្លាំងដើម្បីជួយបំពេញតម្រូវការទីផ្សារពិភពលោក»។ តែយ៉ាងណាទាក់ទិននឹងការវិនិយោគនេះគេមិនទាន់មានការបញ្ជាក់លម្អិតនោះទេ ដូច្នេះរង់ចាំការធ្វើសេចក្តីថ្លែងការណ៍ទើបមានបញ្ជាក់លម្អិតពីរោងចក្រថ្មីនេះ៕