(ក្រុងឡុងដ៍)៖ តោខៀវ Chelsea បានបង្ហាញមុខកីឡាករខ្សែប្រយុទ្ធ Raheem Sterling ដែលទើបទិញបានពីក្លិបរួមលីគ Manchester City ក្នុងតម្លៃ ៥០លានផោន។

យោងតាមប្រភពពី BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ នេះបានឲ្យដឹងថា ក្រុមខ្លាំងប្រចាំទី ក្រុង London មួយនេះបានផ្តល់កិច្ចសន្យារយៈពេល ៥ឆ្នាំដល់កីឡាករសញ្ជាតិអង់គ្លេស វ័យ ២៧ឆ្នាំក្នុងការលេងនៅទឹកដី Stamford Bridge ដែលជាតារាជើងស៊ុតមួយរូបរកបានចាប់ពី ១០គ្រាប់ឡើងទៅក្នុង ១រដូវនៅ Premier League នា ៥សម័យកាលចុងក្រោយនេះ។

គួររំលឹកផងថា Sterling ត្រូវបាន City ទិញពីហង្សក្រហម Liverpool កាលឆ្នាំ២០១៥ ក្នុងតម្លៃ ៤៩លានផោន ដែលបានរួមចំណែកជួយមេឃខៀវឈ្នះជើងឯក Premier League បាន ៤ដង នៅពេលស៊ុតបញ្ចូលទីបាន ១៣១គ្រាប់ ពីការចូលលេងបាន ៣៣៩ប្រកួត ដែលបានក្លាយជាកីឡាករទី១ ក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មី គឺលោក Todd Boehly។

ដូចគ្នានោះដែរ Chelsea ក៏សំឡឹងរកការនាំយកខ្សែការពារ Kalidou Koulibaly ពីក្លិបពពកស Napoli និងប្រកៀកទិញបានខ្សែការពារកណ្តាលក្លិប Man City ទៀតដែរ គឺកីឡាករអន្តរជាតិហូឡង់ Nathan Ake៕