(អ៉ីស្តង់ប៊ូល)៖ ខ្សែបម្រើជើងចាស់ Mesut Ozil បានឈានដល់ផ្លូវបំបែកជាមួយក្លិប Fenerbahce ដែលលេងនៅលីគកំពូលប្រទេសតួកគីជាផ្លូវការហើយ បើទោះបីជានៅសល់រយៈពេល ២ឆ្នាំទៀតនៃកិច្ចសន្យាចាស់ក៏ដោយ។

ការសម្រេចរំលាយកិច្ចសន្យា (Terminate) មុនកាលកំណត់នេះដែរ គឺត្រូវបានធ្វើឡើងដោយមានការព្រមព្រៀងពីភាគី ទាំងពីរផងដែរ ដោយពុំបានបញ្ជាក់ពីមូលហេតុនោះទេ ដោយរូបគេស៊ុតបញ្ចូលទីបាន ៩គ្រាប់ពីការចូលលេងបាន ៣៧ប្រកួត។

នៅចាំបានថា កីឡាករវ័យ ៣៣ឆ្នាំសញ្ជាតិអាល្លឺម៉ង់ខាងលើនេះ បានចុះកិច្ចសន្យាលេងឲ្យ Fenerbahce នាខែមករា ឆ្នាំ២០២១ ក្រោយផុតកិច្ចសន្យារយៈពេល ៨ឆ្នាំជាមួយកាំភ្លើងធំ Arsenal ដែលមានកិច្ចសន្យាលេងនៅ Turkish Super Lig រហូតដល់ឆ្នាំ២០២៤។

តែយ៉ាងណា ខ្សែបម្រើដែលចេញពីថ្នាលយុវជននៃ Fenerbahce ពុំត្រូវបានដាក់ឲ្យចូលលេងក្នុងប្រកួតណាមួយឡើយ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២២ មកមុនឈានដល់ផ្លូវបំបែកបែបនេះ។

អតីតខ្សែបម្រើ Arsenal និង Real Madrid ដែលបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2014 ជាមួយអាល្លឺម៉ង់នោះ ត្រូវបានគេសង្ស័យថា នឹងទៅចូលរួមជាមួយក្លិប Istanbul Basaksehir ដើម្បីបន្តលេងនៅលីគកំពូលតួកគីដដែល៕