(អឺរ៉ុប)៖ ក្លិបតោខៀវ Chelsea គ្រោងនឹងចុះកិច្ចសន្យាយកខ្សែការពារសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly ផ្ទេរមកពីលីគអ៉ីតាលី Serie A ពីក្លិប Napoli ដែលត្រៀមផ្តល់កិច្ចសន្យា ៤ឆ្នាំ មកលេងក្នុងលីគអង់គ្លេស Premier League ខណៈរូបគេបានមកដល់ទីក្រុងឡុងដ៏ ដើម្បីពិនិត្យសុខភាព និងបញ្ចប់ការផ្លាស់ប្តូរនេះ។

កីឡាករវ័យ ៣១ឆ្នាំ នឹងត្រៀមចូលរួមជាមួយ Chelsea នៃដំណើរទេសចរណ៍ការប្រកួតមិត្តភាពនៅសហរដ្ឋអាមេរិក សម្រាប់ ៤ប្រកួតដែលត្រូវប៉ះ CF America, Arsenal, Charlotte FC និង Udinese ដ្បិតក្លិបតោខៀវនេះក៏ជិតឈានយកបានខ្សែការពារកណ្តាល Nathan Ake ពីក្លិប Manchester City ផងដែរ។

កីឡាករទាំងពីរនេះនឹងចូលមកបំពេញកន្លែងសេសសល់ បន្ទាប់ពីក្លិបបានផ្ទេរខ្សែការពារ Antonio Rudiger ទៅកាន់ក្លិប Real Madrid ជាមួយនឹង Andreas Christensen ផ្ទេរទៅក្លិប FC Barcelona ខណៈដែលទើបបង្ហាញសមាជិកថ្មីជាផ្លូវការ គឺខ្សែប្រយុទ្ធ Raheem Sterling ផ្ទេរមកពីក្លិបគូប្រជែង Manchester City ក្នុងតម្លៃ ៥០លានផោន។

គួររំលឹកផងថា Koulibaly កាលនៅលេងជាមួយ Napoli បានបង្ហាញខ្លួន ៣១៧ប្រកួត និងរកបាន ១៤គ្រាប់ គ្រាដែលខ្សែការពារផ្ទេរមកពីក្លិប Genk កាលឆ្នាំ២០១៤៕