(បរទេស)៖ កាលពីខែមីនាកន្លងទៅ Twitter Inc ធ្លាប់បាននិយាយថា ខ្លួនគ្រោងនឹងផ្អាកការងារបុគ្គលិកមួយចំនួន និងពិនិត្យមើលលើការផ្តល់ជូនការងារដែលមានស្រាប់ទាំងអស់ ដើម្បីកំណត់ថាតើ«គួរតែត្រូវបញ្ឈប់» ឬយ៉ាងណា។ ដោយឡែកមានការបញ្ជាក់បន្ថែមហើយ Twitter នឹងមិនកាត់បន្ថយ ឬបញ្ឈប់បុគ្គលិកនៅទូទាំងក្រុមហ៊ុនទេ ប៉ុន្តែទំនងជាអាចបន្តរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ នេះបើតាមក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយនៅក្នុងឯកសារមួយនៅថ្ងៃពុធ។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការដាក់ឯកសារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពី Twitter បានប្តឹងនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla លោក Elon Musk ពីបទរំលោភលើកិច្ចព្រមព្រៀងទិញលក់បណ្ដាញសង្គមមួយនេះក្នុងតម្លៃ ៤៤ពាន់លានដុល្លារ និងបានសុំឱ្យតុលាការ Delaware បញ្ឈប់ការច្របាច់បញ្ចូលគ្នានៃភាគហ៊ុនរបស់ Twitter ក្នុងតម្លៃ ៥៤.២០ដុល្លារក្នុងមួយភាគហ៊ុន។

ខណៈដែល Twitter ក៏បានបញ្ជាក់ដែលថា ខ្លួនធ្លាប់បានផ្ញើសំណើរផ្លូវការមួយទៅលោក Musk ដើម្បីអនុម័តកម្មវិធីរក្សាបុគ្គលិកចំនួន ២លើកក្នុងខែមិថុនា ប៉ុន្តែលោកមិនបានផ្តល់ការយល់ព្រមនោះទេ។ តែយ៉ាងណាទាក់ទិននឹងបញ្ហានេះ Musk មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយនោះឡើយ៕