(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ី ស៊ី អាយ (ECI) នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយនឹងក្រុមហ៊ុន Panasonic Connect Asia។

ការចុះ MoU នេះ ក្នុងគោលបំណងផ្ដោតសំខាន់ លើការនំាចូលផ្ដាច់មុខ ទៅលើផលិតផលម៉ាស៊ីនបញ្ចាំងស្លាយ (Projector) ម៉ាក Panasonic ដែលមានគុណភាពល្អ បច្ចេកវិទ្យាឈានមុខគេ មកចែកចាយនៅប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃ របស់អតិថិជនទាំងអស់ឲ្យបានល្អប្រសើរ ទាំងក្នុងវិស័យអាជីវកម្ម និងវិស័យអប់រំ។

កម្មវិធីនេះ មានការចូលរួមជាកិត្តិយសពីសំណាក់ លោក ញ៉េប ចន្ថា ដែលជាប្រធានផ្នែកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អ៊ី ស៊ី អាយ និង លោក Shaun Heng ដែលជាប្រធានផ្នែកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន Panasonic Connect Asia និងភាគីពាក់ព័ន្ធជាច្រើនទៀត។

លោក ញ៉េប ចន្ថា បានថ្លែងថា គិតមកដល់ពេលនេះ ក្រុមហ៊ុន ECI បានធ្វើការងាររកស៊ី ជាមួយនិងក្រុមហ៊ុន Panasonic Connect Asia រយៈពេលជាង១ឆ្នាំមកហើយ ដោយសារតែកន្លងមក មានការរាតត្បាតនៃមេរោគកូវីដ១៩ ធ្វើឲ្យក្រុមហ៊ុនធំៗទាំងពីរនេះ ធ្វើការជាមួយគ្នាតាមរយៈអនឡាញ។

លោកបន្តថា ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ទៅដល់អ្នកចែកចាយបន្ត ក៏ដូចជាអ្នកប្រើប្រាស់ទូទៅ ក្រុមហ៊ុនទាំង២ រៀបចំកម្មវិធីនេះ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា ក្រុមហ៊ុន ECI គឺជាអ្នកនាំចូលផ្ដាច់មុខ ទៅលើផលិតផលម៉ាស៊ីនបញ្ចាំងស្លាយ (Projector) ម៉ាក Panasonic នៅកម្ពុជា។

លោក ញ៉េប ចន្ថា បានគូសបញ្ជាក់ថា ដូច្នេះរាល់ការទិញ និងការប្រើប្រាស់ ក៏ដូចជាសេវាកម្មទៅលើផលិតផលម៉ាស៊ីនបញ្ចាំងស្លាយ (Projector) ម៉ាក Panasonic នេះ គឺមិនចាំបាច់មានការព្រួយបារម្ភទៀតឡើយ។

ជាមួយគ្នានេះ លោក Shaun Heng បានលើកឡើងថា ក្រុមហ៊ុន ECI គឺជាក្រុមហ៊ុនមួយ ដែលមានការទទួលខុសត្រូវខ្ពស់ នៅក្នុងការចែកចាយផលិតផល ក៏ដូចជាមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះអ្នកប្រើប្រាស់ និងដៃគូរថែមទៀត ដែលនេះគឺពិតជាពិសេស សម្រាប់ក្រុមហ៊ុនដែលបានធ្វើការជាមួយគ្នា។

ក្នុងកម្មវិធីនេះ លោក ញ៉េប ចន្ថា ក៏ដូចជាលោក Shaun Heng បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ស្ដីពីអត្ថន័យ និងគោលបំណង នៃការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MoU) របស់ភាគីទាំងពីរ ក៏ដូចជាបានឆ្លើយនូវសំនួរ ពីខាងសារព័ត៌មានយ៉ាងច្រើនផងដែរ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន អ៊ី ស៊ី អាយ គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់ នូវគ្រឿងបរិក្ខាអេឡិចត្រូនិកយ៉ាងសម្បូរបែប ដែលសុទ្ធសឹងតែជាផលិតផលម៉ាកល្បីៗ លើពិភពលោកដែលមានសមត្ថភាពខ្ពស់ ជាទីទុកចិត្ត និងមានការធានាយ៉ាងត្រឹមត្រូវផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន អ៊ី ស៊ី អាយ ក៏ដូចជា ក្រុមហ៊ុន Panasonic Connect Asia សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រដល់ក្រុមហ៊ុនទាំង២កន្លងមក ហើយសន្យាថា នឹងខិតខំប្រឹងប្រែង ពង្រឹងគុណភាពផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លួនជាបន្តទៀត ជូនដល់អតិថិជនទាំងអស់។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ ក្រុមហ៊ុន អ៊ី ស៊ី អាយ អាស័យដ្ឋាន ផ្ទះលេខ 16Eo សង្កាត់ទូលស្វាយព្រៃ ខណ្ឌចំការមន ភ្នំពេញ, ទូរស័ព្ទ៖ ០៧៨ ៨៨៨ ៥៩១, អ៊ីម៉ែល៖ [email protected], ហ្វេសប៊ុក : ECI Distribution៕