(អាមេរិក)៖ តារាចម្រៀងរ៉េបល្បីឈ្មោះរបស់អាមេរិក Cardi B ធ្លាប់បាននិយាយថា នាងចង់ឲ្យកូនស្រីរបស់ខ្លួន ស្គាល់តម្លៃនៃអ្វីៗគ្រប់យ៉ាង ពោលគឺមិនចង់ឲ្យមានភាពស្រណុកសុខស្រួល ជាមួយនឹងព្រទ្យសម្បត្តិដែលនាងមានឡើយ។ យ៉ាងណាមិញ ផ្ទុយពីពាក្យសម្ដី ក្នុងថ្ងៃខួបកំណើតកូន នាងស្រាប់តែផ្តល់អំណោយជាទឹកប្រាក់ដ៏ច្រើនឲ្យកូន ជាហេតុធ្វើឲ្យមានការរិះគន់មិនស្ទើរ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន International The News នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
អ្នកគាំទ្របានធ្វើការវាយបកទៅកាន់តារាស្រីរូបនេះ ដោយលើកឡើងថា សកម្មភាពខុសពីសម្ដី ត្បិតថា ក្នុងថ្ងៃខួបកំណើតកូនស្រី នាងបានផ្តល់អំណោយរហូតដល់ ៥ម៉ឺនដុល្លារដល់កូន។ ថ្មីៗនេះ តាមរយៈផ្តល់បទសម្ភាសន៍មួយ តារារ៉េបរូបនេះ បាននិយាយថា បើទោះជាកូនៗរបស់នាង កើតមកមានម្តាយឪពុកដែលមានជីវភាពធូរធាក៏ដោយ តែនាងចង់ឲ្យកូនៗដឹងថា តម្លៃការងារ និងត្រូវធ្វើដូចម្តេចដើម្បីសម្រេចវា។ ជាពិសេសចង់ឲ្យកូនៗរបស់នាង ទទួលបាននូវអ្វីដែលជាការខិតខំប្រឹងប្រែងរបស់ពួកគេ។
ប្រតិកម្មទៅនឹងបទសម្ភាសន៍របស់ Cardi B អ្នកគាំទ្រជាច្រើនបានរិះគន់ ចំពោះការនិយាយរបស់នាង ខណៈអ្នកលេងបណ្តាញសង្គម Twitter ម្នាក់បានសរសេរថា «អ្នកដែលទើបតែប្រគល់ឲ្យកូនអាយុ ៤ឆ្នាំ នូវទឹកប្រាក់រហូតដល់៥ម៉ឺន សម្រាប់ខួបកំណើត...តើសកម្មភាពនេះ ត្រូវគ្នានឹងអ្វីដែលនាងបាននិយាយ?»៕