(សៀមរាប)៖ សណ្ឋាគារលំដាប់ផ្កាយ៣ Yani Hotel ដែលគ្រប់គ្រងដោយក្រុមហ៊ុន Chestertons Cambodia បានសម្រេចកិច្ចសហការជាមួយអង្គការស្លាបព្រាកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យបដិសណ្ឋារកិច្ច តាមរយៈផ្តល់ការបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែងដល់យុវជន ដែលចាប់យកជំនាញក្នុងវិស័យដ៏មានសក្តានុពលមួយនេះ។

ស្ថាប័នទាំងពីរបានរៀបចំចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅព្រឹកថ្ងៃទី១៤ កក្កដា ឆ្នាំ២០២២ នៅឯសណ្ឋាគារ Yani Hotel ស្ថិតក្នុងក្រុងសៀមរាប។ MoU នេះត្រូវបានចុះហត្ថលេខាដោយកញ្ញាសាម ចាន់ធូ នាយកប្រតិបត្តិក្រុមហ៊ុន Chesterons Cambodia និងអ្នកស្រីម៉ៅ សុផានី តំណាងអង្គការស្លាបព្រាកម្ពុជា។

នាយកប្រតិបត្តិក្រុមហ៊ុន ChesteronsCambodia កញ្ញា សាម ចាន់ធូ បានលើកឡើងថា តាមរយៈកិច្ចសហការនេះ យុវជនដែលកំពុងសិក្សាជំនាញ ក្នុងវិស័យបដិសណ្ឋារកិច្ចនៅអង្គការស្លាបព្រាកម្ពុជា នឹងអាចទទួលបានឱកាសហាត់ការ ដើម្បីដកយកបទពិសោធការងារ និងឱកាសការងារនៅឯសណ្ឋាគារលំដាប់ផ្កាយ៣ Yani Hotel ព្រមទាំងឱកាសការងារលើគម្រោង ដែលជាដៃគូរបស់ក្រុមហ៊ុន Chestertons Cambodia ផ្សេងៗទៀតនាពេលខាងមុខ។

កញ្ញាបញ្ជាក់ថា «នេះជាកិច្ចការដ៏សំខាន់មួយ ក្នុងការរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ការអប់រំដល់យុវជន នៅទីជនបទដែលពុំមានលទ្ធភាពគ្រប់គ្រាន់ ដោយអាចទទួលបានឱកាសចាប់យកជំនាញដ៏មានសក្តានុពល។ យើងខ្ញុំជឿជាក់ថាការជួយដល់យុវជន ឱ្យមានចំណេះជំនាញ នឹងជួយឱ្យវិស័យបដិសណ្ឋារកិច្ច នឹងមានការរីកចម្រើនបន្ថែមទៀត ស្របទៅនឹងការរំពឹងទុកនៃកំណើនទេសចរជាតិនិងអន្តរជាតិនាពេលខាងមុខ»។

សណ្ឋាគារ Yani Hotelជាសណ្ឋាគារលំដាប់ផ្កាយ៣ ផ្តល់សេវាបដិសណ្ឋារកិច្ចដល់ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តតំបន់ទេសចរណ៍ ក្នុងខេត្តសៀមរាប ដែលជាតំបន់ទេសចរធម្មជាតិ និងបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏ល្បីល្បាញ នៅលើពិភពលោក។

សណ្ឋាគារដ៏ប្រណិតមួយនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Chestertons Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ លំដាប់ពិភពលោក មានប្រភពដើមពីចក្រភពអង់គ្លេស។ ឯកទេសរបស់ក្រុមហ៊ុន Chestertons Cambodia ផ្ដោតសំខាន់លើសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ដូចជាអគារការិយាល័យ អគារលំនៅឋាន បុរីរួមទាំងអគារពាណិជ្ជកម្មផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។

អ្នកស្រី ម៉ៅ សុផានី តំណាងអង្គការស្លាបព្រាកម្ពុជា បានចាត់ទុកថា ការសហការនេះនឹងរួមចំណែកដ៏សំខាន់ សម្រាប់ការងារអប់រំផ្នែកបដិសណ្ឋារកិច្ច ដែលអនុញ្ញាតឱ្យសិស្សអង្គការស្លាបព្រាកម្ពុជា បានចុះអនុវត្តនៅសណ្ឋាគារផ្ទាល់ជាមួយនឹងសម្ភារសម្បូរបែប ដែលអង្គការស្លាបព្រាកំពុងជួបបញ្ហា ប្រឈមនាពេលបច្ចុប្បន្ន។

អ្នកស្រីបញ្ជាក់ទៀតថា ការបោះដៃជួយជ្រោមជ្រែងសហគមន៍ ក្នុងកាលៈទេសៈដល់លំបាកបែបនេះ ពិតជាមានអត្ថន័យនឹងមិនអាចកាត់ថ្លៃបាន។

អ្នកស្រីថ្លែងថា «សណ្ឋាគារ Yani គឺជាគំរូមួយដល់វិស័យឯកជនចំពោះការចូលរួមចំណែកទៅលើការសហការទទួលខុសត្រូវលើកិច្ចការសង្គម ហើយយើងជឿជាក់ថាកិច្ចសហការមួយនេះប្រាកដជាទទួលបានផ្លែផ្កាដល់សិស្សដែលកំពុងតែបានបណ្តុះបណ្តាលក្នុងគម្រោងរបស់អង្គការស្លាបព្រាកម្ពុជា»

លោកស្រីបន្ថែមទៀតថា សិស្សទទួលបានការបណ្តុះបណ្តាលនឹងការអនុវត្តពេញលេញក្នុងកម្មវិធីសិក្សា ពួកគេនឹងមានឱកាសការងារល្អ កន្លែងការងារដែលផ្តល់តម្លៃ គិតគូរសុខទុក្ខបុគ្គលិកនឹងគោរពច្បាប់ការងារ។

បើតាមអ្នកស្រី ម៉ៅសុផានី រហូតមកដល់បច្ចុប្បន្នអង្គការ ទទួលបានសិស្សមកសិក្សាជំនាញបដិសណ្ឋារកិច្ច ដូចជា ចុងភៅ ម្ហូបនិងភេសជ្ជៈ និងគេហកិច្ចបានជាង ៤០០ នាក់។ ក្នុងនោះ ៦០ភាគរយ ជាយុវតី ដែលបញ្ចប់ការសិក្សា ហើយបានចូលបម្រើការក្នុងវិស័យបដិសណ្ឋារកិច្ច។
វិស័យទេសចរណ៍ ហាក់បង្ហាញសញ្ញាងើបឡើងវិញបណ្តើរៗហើយ បន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតសកលបង្កឡើងដោយជំងឺកូវីដ១៩។ ជាក់ស្តែងរយៈពេលពាក់កណ្តាលឆ្នាំ ២០២២នេះ (មករា-មិថុនា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៥០ម៉ឺននាក់ ហើយរំពឹងងើបឡើងវិញដល់២លាននាក់ នៅឆ្នាំ២០២៣។ តាមការប៉ាន់ប្រមាណរបស់ក្រសួងទេសចរណ៍ កំណើនភ្ញៀវទេសចរអន្តរជាតិ នឹងអាចវិលទៅរកកំណើនដូចដើមវិញនៅឆ្នាំ ២០២៦។

ការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងភាគីទាំងពីរនាពេលនេះ គឺជាការបើកនូវឱកាសថ្មីបន្ថែមទៀត សម្រាប់យុវជនកម្ពុជា ដែលចាប់យកជំនាញបដិសណ្ឋារកិច្ច ដើម្បីពង្រឹងសមត្ថភាពក្នុងការឆ្លើយតបតម្រូវការទីផ្សារទេសចរណ៍ នាពេលខាងមុខ៕