(ឡុងដ៍)៖ កីឡាករ Raheem Sterling ដែលទើបតែចូលរួមជាមួយក្លិប Chelsea នឹងក្លាយជាទ្រព្យសម្បត្តិដ៏ធំ សម្រាប់ក្លិបដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍មួយនេះ ហើយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ នឹងជួយរៀបចំធ្វើឲ្យក្រុម កាន់តែល្អប្រសើរ, នេះបើតាមសម្តីអ្នកចាត់ការ Thomas Tuchel ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ។

Sterling បានចូលរួមជាមួយ Chelsea លើកិច្ចសន្យារយៈពេល៥ឆ្នាំ ដោយផ្ទេរមកពីក្លិប Manchester City ដែលជាម្ចាស់ពានរង្វាន់ជើងឯក Premier League កាលពីថ្ងៃពុធ លើកិច្ចសន្យាដែលត្រូវបានគេរាយការណ៍ថា មានតម្លៃរហូតដល់៥០លានផោន (៥៩.១៦លានដុល្លារ)។

កីឡាករវ័យ២៧ឆ្នាំរូបនេះ គឺជាកីឡាករដំបូងគេរបស់ Chelsea ដែលបានចុះកិច្ចសន្យា ស្ថិតក្រោមម្ចាស់គ្រប់គ្រងថ្មី Todd Boehly និង Clearlake Capital, ដែលបានទិញក្លិបនេះ ពីបុរសជំនួសរុស្ស៊ី Roman Abramovich កាលពីដាច់ខែឧសភា។

"គាត់នឹងក្លាយជាទ្រព្យសម្បត្តិដ៏ធំរបស់យើង", នេះបើតាមសម្តីលោក Tuchel បានប្រាប់ BBC នៅថ្ងៃព្រហស្បតិ៍នេះ។ "សង្ឃឹមយ៉ាងមុតមាំថា លោកនឹងជួយក្រុមរបស់យើង តាមរយៈអ្វីដែលជាគាត់"។

បន្ទាប់ពីចាប់ផ្តើមអាជីពជាន់ខ្ពស់របស់លោក នៅក្លិប Liverpool, កីឡាករ Sterling បានផ្លាស់ទៅលេងនៅក្លិប City ក្នុងឆ្នាំ២០១៥ ហើយបានរកគ្រាប់បាល់ជាង១០០គ្រាប់ សម្រាប់ក្លិបមួយនេះ។

សូមជម្រាបថា Chelsea ដែលបានបញ្ចប់នៅចំណាត់ថ្នាក់ទី៣ នៅលីគ Premier League កាលពីរដូវកាលមុននោះ នឹងចាប់ផ្តើមរដូវកាលថ្មី ជាមួយនឹងការធ្វើដំណើរទៅជួបក្រុម Everton នៅថ្ងៃទី៦ ខែសីហាខាងមុខ៕