(ណៃរ៉ូប៊ី)៖ បុរសរត់លឿនជាងគេប្រចាំទ្វីបអាហ្វ្រិក លោក Ferdinand Omanyala កំពុងប្រញាប់ប្រញាល់ ដោយសារនៅសល់ពេលវេលាតិចតួច ដើម្បីធ្វើដំណើរទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ World Athletics Championships បន្ទាប់ពីទិដ្ឋាការធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិករបស់លោក ត្រូវបានផ្តល់ឲ្យ, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ។

បុរសសញ្ជាតិកេនយ៉ា វ័យ២៦ឆ្នាំ ដែលបានឈ្នះពានរង្វាន់ វិញ្ញាសារត់ប្រណាំងចម្ងាយ១០០ម៉ែត្រ ប្រចាំទ្វីបអាហ្វ្រិក កាលពីខែមុននោះ គ្រោងនឹងចូលរួមរត់ប្រណាំង នៅថ្ងៃសុក្រសប្តាហ៍នេះ ក្នុងព្រឹត្តិការណ៍លំដាប់សាកល ដែលរៀបចំឡើងនៅទីក្រុង Eugene រដ្ឋ Oregon សហរដ្ឋអាមេរិក។

«ខ្ញុំមិនទាន់បោះបង់ចោល ការចូលរួមរបស់ខ្ញុំ នៅឯព្រឹត្តិការណ៍ World Championships នៅឡើយនោះទេ», នេះបើតាមសម្តីលោក Omanyala បានប្រាប់ BBC Sport Africa។ «ព័ត៌មានដែលថា ខ្ញុំចាកចេញពីព្រឹត្តិការណ៍ Championships គឺមិនពិតនោះទេ»

Omanyala នឹងធ្វើការហោះហើរ ចេញពីប្រទេសកេនយ៉ា នៅវេលាម៉ោង១៨៖០០ (ម៉ោងក្នុងតំបន់) នាថ្ងៃព្រហស្បតិ៍ ហើយរំពឹងថា នឹងទៅដល់ទីក្រុង Eugene តិចជាង៣ម៉ោង មុនពេលការប្រកួតរត់ចម្ងាយ១០០ម៉ែត្រ ផ្នែកបុរស នឹងចាប់ផ្តើមពេលរសៀល នាថ្ងៃទី១ នៃព្រឹត្តិការណ៍ World Championships។

Omanyala គឺជាបុរសទី៣ ដែលរត់លឿនជាងគេ នៅលើពិភពលោក ក្នុងរដូវកាលនេះ ឈរនៅពីក្រោយបុរសសញ្ជាតិអាមេរិក Fred Kerley និង Trayvon Bromell ហើយបានបង្កើតកំណត់ត្រា រត់ចម្ងាយ១០០ម៉ែត្រ ប្រចាំទ្វីបអាហ្វ្រិក ដោយប្រើពេលវេលាត្រឹមតែ៩.៧៧វិនាទី កាលពីខែកញ្ញា ឆ្នាំមុន៕