(បរទេស)៖ ក្រុមហ៊ុន Samsung ទំនងជានឹងបង្ហាញស្មាតហ្វូនដែលអាចបត់បានជំនាន់ក្រោយ ម៉ូដែល Galaxy Z Flip 4 និង Galaxy Fold 4 នៅអំឡុងខែសីហា។ ដោយឡែកមុនការចេញលក់ជាផ្លូវការ ការលេចធ្លាយថ្មីនេះបានបង្ហាញពីទំហំ Storage និងជម្រើសពណ៌ជាច្រើនដែលត្រៀមខ្លួនរួចជាស្រេចដើម្បីឈានជើងចូលទីផ្សារពិភពលោកឆាប់ៗខាងមុខ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

ការលេចធ្លាយតាមរយៈលោក Evan Blass បានបង្ហោះបញ្ជី SKUs នាពេលថ្មីៗនេះបានបង្ហាញឱ្យឃើញតែម៉ូដែល Samsung Galaxy Z Fold4 ប៉ុណ្ណោះដោយក្នុងនោះរួមមានជម្រើស ៤ពណ៌ និងមានទំហំ Storage ៣ គឺ៖

1. Beige– 128GB/256GB/512GB
2. Burgundy Red – 256GB/512GB
3. Gray-Green – 128GB/256GB/512GB
4. Phantom Black – 128GB/256GB/512GB

យ៉ាងណាមិញនៅក្នុងបញ្ជីនេះបានបង្ហាញការខកចិត្តមួយដ៏ធំសម្រាប់អ្នកប្រើប្រាស់ ដោយពាក្យចចាមអារ៉ាមកន្លងមកធ្លាប់បានបង្ហាញថា ម៉ូដែលថ្មីនេះនឹងមកជាមួយនឹងជម្រើសទំហំ Storage ដ៏ធំមិនធ្លាប់មានពោលគឺកំណែ 1TB។ ខណៈបញ្ជីលេចធ្លាយនេះពុំមានទំហំ 1TB មកជាមួយនោះឡើយ ដែលនេះក៏អាចជាដំណឹងអាក្រក់មួយសម្រាប់ Z Flip4 ដូចគ្នា ដែលអាចមកជាមួយត្រឹមតែកំណែ 512GB ប៉ុណ្ណោះ។

គួរជម្រាបដែរថា បញ្ជីនេះទំនងជាមកជាមួយលទ្ធផលមិនគ្រប់ប្រទេសនោះឡើយ ខណៈកំណែ 1TB អាចនឹងត្រូវបានកំណត់សម្រាប់តែប្រទេសមួយចំនួនប៉ុណ្ណោះ ឬវាអាចនឹងបង្ហាញខ្លួននៅពេលក្រោយក៏ថាបាន៕