(បរទេស)៖ យោងតាមសេចក្តីថ្លែងការណ៍ស៊ើបអង្កេតមួយរបស់រដ្ឋាភិបាលឥណ្ឌាបានរកឃើញថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Oppo បានគេចវេសពីការបង់ពន្ធគយ ដែលមានតម្លៃ ៤៣.៩ពាន់លានរូពី (ប្រហែល ៥៥១លានដុល្លារអាមេរិក) ។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

នាយកដ្ឋានស៊ើបអង្កេតប្រាក់ចំណូលរបស់ប្រទេសឥណ្ឌា (IDRI) បានរកឃើញភ័ស្តុតាងដែលថា Oppo បានប្រើប្រាស់ខុសក្នុងការលើកលែងពន្ធសម្រាប់ទំនិញដែលនាំចូលសម្រាប់ប្រើប្រាស់ក្នុងការផលិតទូរស័ព្ទ។ ពួកគេក៏បានចោទប្រកាន់ក្រុមហ៊ុន Oppo បានធ្វើការទូទាត់ថ្លៃសួយសារ ដែលមិនត្រូវបានបញ្ចូលទៅក្នុងតម្លៃប្រតិបត្តិការនៃទំនិញនាំចូល ដូចអ្វីដែលច្បាប់បានកំណត់។

រដ្ឋាភិបាលឥណ្ឌាបាននិយាយថា «រដ្ឋាភិបាលបានចេញសេចក្ដីជូនដំណឹងមួយទៅកាន់ក្រុមហ៊ុន Oppo India ពាក់ព័ន្ធ រឿង ពន្ធគយនេះហើយ»។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Oppo ដែលមានមេធំ BBK Electronics ដែលជាក្រុមហ៊ុនដ៏ធំរបស់ប្រទេសចិន បាននិយាយថា ក្រុមហ៊ុនកំពុងពិនិត្យមើលការជូនដំណឹងនេះ ហើយនឹងឆ្លើយតបវិញ។

អ្នកនាំពាក្យ Oppo បានបន្ថែមទៀតថា «យើងមានទស្សនៈខុសគ្នាលើការចោទប្រកាន់» «យើងជឿថា វាជាបញ្ហាពាសពេញឧស្សាហកម្មដែលសាជីវកម្មជាច្រើនកំពុងជួបប្រទះ»

មិនត្រឹមតែក្រុមហ៊ុន Oppo មួយប៉ុណ្ណោះទេ ទីភ្នាក់ងារឧក្រិដ្ឋកម្មហិរញ្ញវត្ថុសហព័ន្ធ របស់ប្រទេសឥណ្ឌា បានធ្វើការវាយឆ្មក់កាលពីសប្តាហ៍មុន ទៅលើទីតាំងចំនួន៤៨ របស់ក្រុមហ៊ុន Vivo ដោយបានចោទប្រកាន់ថា ប្រាក់ចំណូលពីការលក់ Vivo ត្រូវបានផ្ទេរចេញពីប្រទេសឥណ្ឌា ទៅកាន់ក្រៅប្រទេស ដើម្បីបង្ហាញពីការខាតបង់ និងជៀសវាងការបង់ពន្ធ។

ដោយឡែក ក្រុមហ៊ុន Xiaomi ដែលជាអ្នកដឹកនាំទីផ្សារស្មាតហ្វូនរបស់ប្រទេសឥណ្ឌា ក៏កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតផងដែរ ដោយទីភ្នាក់ងារនេះបានចោទប្រកាន់ថា Xiaomi បានធ្វើការផ្ទេរប្រាក់ខុសច្បាប់ទៅក្រៅប្រទេស «ក្នុងរូបភាពនៃសួយសារអាករ»

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនចិនជាច្រើនបានជួបការលំបាកក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីភាពតានតឹងផ្នែកនយោបាយបានកើនឡើង បន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែនក្នុងឆ្នាំ២០២០ ដោយ ឥណ្ឌាបានលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខ និងបានហាមឃាត់កម្មវិធីរបស់ចិនច្រើនជាង ៣០០ ចាប់តាំងពីពេលនោះមក និងរឹតបន្តឹងច្បាប់លើការវិនិយោគរបស់ក្រុមហ៊ុនចិន៕