(ក្រុងឡុងដ៍)៖ ក្លិបាល់ទាត់តោខៀវ Chelsea បានបញ្ចប់បេសកកម្មតាមប្រម៉ាញ់កីឡាករពាក់លេខ៧ Manchester United គឺខ្សែប្រយុទ្ធ Cristiano Ronaldo ហើយ ក្រោយពេលទិញបាន Raheem Sterling ពីក្លិបរួមលីគ Mancheter City ក្នុងតម្លៃ ៥០លានផោននៅថ្ងៃពុធរួចមក។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ វ័យ ៣៧ឆ្នាំ ធ្លាប់បានប្រាប់ក្លិបបិសាចក្រហមពីបំណងចាកចេញនាពេលថ្មីៗនេះ ដែលធ្វើឲ្យក្លិបជាច្រើនរួមទាំង Chelsea ចាប់អារម្មណ៍ ដ្បិតរូបគេក៏ពុំបានចូលរួមជាមួយធ្វើដំណើរមកប្រកួតនៅអាស៊ី និងប្រទេសអូស្រា្តលីជាលក្ខណៈមិត្តភាពមុនបើករដូវកាលដែរជាមួយនឹងកិច្ចសន្យានៅសល់ ១ឆ្នាំទៀតលេងនៅ Old Trafford។

ក៏ប៉ុន្តែក៏ចុះកិច្ចសន្យានាំយក Sterling មកកាន់ទឹកដី Stamford Bridge រួចរាល់ហើយនោះ លោក Thomas Tuchel អ្នកចាត់ការទូទៅ Chelsea បានបញ្ជាក់យ៉ាងខ្លីថា «គឺផ្តោតសំខាន់តែទៅលើប្រព័ន្ធការពារវិញម្តង លេងគិតពីតំបន់ប្រយុទ្ធហើយ» ដ្បិតកន្លងមកលោក Erik ten Hag ដែលជាអ្នកចាត់ការទូទៅថ្មី Man Utd ធ្លាប់បានបញ្ជាក់ថា «Ronaldo គឺស្ថិតក្នុងគម្រោងរបស់ពួកយើងសម្រាប់រដូវកាលថ្មីនេះ គឺមិនសម្រាប់លក់ចេញនោះទេ»

លើសពីនេះទៀត Chelsea ក៏បានកំពុងតាមប្រម៉ាញ់ខ្សែការពារកណ្តាល Presnel Kimpembe របស់ក្លិបបារាំង Paris Saint-Germain ដែលធ្លាប់លេងស្ថិតក្រោមការបង្វឹករបស់ Tuchel នាអំឡុងដឹកនាំក្លិបបារាំងកាលឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ដែរនោះ៕