(ភ្នំពេញ)៖ គិតមកត្រឹមដើមឆមាសទី២ ឆ្នាំ២០២២នេះ កំណើននៃការផ្គត់ផ្គង់ខុនដូ បែបទំនើបនៅកម្ពុជា នៅតែបន្តកើនឡើង និងមានសកម្មភាពទិញ-លក់គួរឱ្យកត់សម្គាល់ ខណៈដែលអតិថិជនភាគច្រើនជាជនជាតិខ្មែរច្រើនជាងជនបរទេស និងមានការពេញនិយម ទៅលើប្រភេទខុនដូ ដែលមានតម្លៃសមរម្យចាប់ពី៤ម៉ឺនដុល្លារឡើង ទៅក្នុងមួយយូនីត។

ថ្លែងនៅក្នុងពិធីបើកសម្ពោធផ្ទះគំរូ និងប្រកាសលក់ជាផ្លូវការ នូវគម្រោងខុនដូបែបទំនើបលំដាប់ផ្កាយ៥ Ding li Tower ដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោក អ៊ូ បូរីន នាយកផ្នែកលក់ និងទីផ្សារ នៃគម្រោងបានឱ្យដឹងថា គម្រោងខុនដូ ឬលំនៅដ្ឋានសហកម្មសិទ្ធិ Ding li Tower ដែលបានបញ្ចប់គ្រោងអគារទាំងស្រុង និងកំពុងបន្តសកម្មភាពសាងសង់រចនាផ្នែកខាងក្នុង មានកម្ពស់៣៨ជាន់ ស្មើនឹង ៦០០យូនីត មានផ្ទៃក្រឡាចាប់ពីជាង៣០ម៉ែត្រការ៉េ រហូតដល់ជាង៦០ម៉ែត្រការ៉េក្នុងមួយយូនីត លក់ក្នុងតម្លៃចាប់ពី៤ម៉ឺនដុល្លារឡើងទៅ។

លោក អ៊ូ បូរីន បានបញ្ជាក់ថា «គម្រោងខុនដូ Ding li Tower បានប្រារព្ធពិធីបុកគ្រឹះសាងសង់កាលពីឆ្នាំ២០១៨ ក្រោមការបោះទុនវិនិយោគ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនជំនាញអន្តរជាតិមកពីប្រទេសចិន ដែលមានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះល្បីល្បាញជាច្រើនឆ្នាំមកហើយ។ ដោយឡែកសម្រាប់គម្រោងខុនដូ Ding li Tower ដែលទើបបើកសម្ពោធលក់ជាផ្លូវការ រួមជាមួយនឹងការបង្ហាញម៉ូតផ្ទះគំរូនៅពេលនេះ ទទួលបានការគាំទ្រច្រើនពីអតិថិជន ដែលជាលទ្ធផលគម្រោងបានលក់អស់ប្រមាណ៦៥ភាគរយរួចជាស្រេច ខណៈដែលអ្នកទិញភាគច្រើនជាជនជាតិខ្មែរក្នុងស្រុកច្រើនជាងជនជាតិបរទេស»

លោកបានបន្តទៀតថា ហេតុផលដែលគម្រោងទទួលបានការគាំទ្រច្រើន ដោយសារតែគម្រោងមួយនេះ បានប្រកាសដាក់លក់ក្នុងតម្លៃសមរម្យ ចាប់ពី៤ម៉ឺនដុល្លារក្នុងមួយយូនីតឡើងទៅ ជាពិសេសទីតាំងស្ថិតនៅក្នុងតំបន់ដែលមានសក្ដានុពល ហ៊ុមព័ទ្ធទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប សាលារៀនរដ្ឋ និងឯកជន រួមជាមួយក្លីនិកទូទៅផងដែរ។ បន្ថែមពីនេះ រាល់អតិថិជនដែលមកទិញគម្រោងខុនដូ Ding li Tower សុទ្ធតែទទួលបាននូវកម្មវិធីលើកទឹកចិត្ត ដែលជាអត្ថបទប្រយោជន៍ និងផលចំណេញយ៉ាងច្រើន។

កាលពីពេលថ្មីៗនេះ អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងផ្នែកទីផ្សារ និងស្រាវជ្រាវជាន់ខ្ពស់នៃក្រុមហ៊ុនភ្នាក់ងារអន្តរជាតិ CBRE Cambodia បានលើកឡើងថា ទីផ្សារខុនដូនៅកម្ពុជាពិតជាមានកំណើន ខណៈដែលអតិថិជនដែលគាំទ្រភាគច្រើនជាជនជាតិខ្មែរ ច្រើនជាងជនជាតិបរទេស។

អ្នកនាងបានបន្តទៀតថា ៖ «បច្ចុប្បន្ននេះ អ្នកដែលទិញខុនដូភាគច្រើនជាជនជាតិខ្មែរ និងមានវ័យក្មេង ដោយសារតែជនបរទេសនៅមិនទាន់វិលត្រឡប់មកកម្ពុជាច្រើននៅឡើយ ហើយបើមានក៏មានតែជនជាតិចិនតែប៉ុណ្ណោះ។ ប៉ុន្តែទីផ្សារមួយនេះនឹងមានការកើនឡើងកាន់ខ្លាំងនៅក្នុង២-៣ឆ្នាំបន្ទាប់ ខណៈដែលវិបត្តិនានាអាចនឹងរលត់បាត់ទាំងស្រុងទៅវិញ»