(បរទេស)៖ បន្ទាប់ពីដាក់ដំណើរការឧបករណ៍ SmartThing Find អស់រយៈពេលជាងពីរឆ្នាំ ថ្មីៗនេះ Samsung បានប្រកាសបង្ហាញពីជោគជ័យដ៏ធំបំផុតមួយដំណាក់កាលទៀតរបស់ខ្លួន។ ពោលគឺគេបានបញ្ជាក់ថា គិតមកទល់ពេលនេះ មានចំនួនឧបករណ៍ដែលបានចុះឈ្មោះប្រើប្រាស់បណ្ដាញ SmartThing Find ដល់ទៅខ្ទង់ ២០០ លានឧបករណ៍ឯណោះ ដែលវាមានមុខងារស្វែងរកឧបករណ៍ដែលបានបាត់ និងតាមដាន Galaxy SmartTags ផងដែរ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

ដូចដែរយើងបានដឹងហើយថា Samsung ក៏មានបណ្តាញស្វែងរកឧបករណ៍ផ្ទាល់ខ្លួនរបស់គេដែរ គឺ SmartThing Find ហ្នឹងឯង ដែលបានដាក់ឱ្យដំណើរការដំបូងក្នុងខែតុលា ឆ្នាំ ២០២០ គិតមកទល់ពេលនេះវាមានរយៈពេលជាង ២ឆ្នាំហើយ។ ខណៈដែលឧបករណ៍នេះវាមានមុខងារដូចទៅនឹងឧបករណ៍ AirTag ដ៏ពេញនិយមរបស់ Apple អ៊ីចឹង មានន័យថា នៅពេលដែលអ្នកប្រើប្រាស់ណាម្នាក់បាត់ឧបករណ៍ Galaxy SmartTag នោះឧបករណ៍ Galaxy Devices ដែលនៅក្បែរនោះដែលបានចុះឈ្មោះក្នុងបណ្តាញ SmartThing Find នឹងអាចជួយស្វែងរកទីតាំងឧបករណ៍ដែលបានបាត់នោះ។

យ៉ាងណាមិញក្នុងចំនួនអ្នកដែលបានចុះឈ្មោះសរុបដល់ទៅ ២០០លាននាក់នេះគឺបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សមួយរបស់ Samsung ដែលបានបញ្ជាក់ថា ឧបករណ៍ SmartThing Find របស់ខ្លួនទទួលបានអ្នកចុះឈ្មោះប្រើប្រាស់បន្ថែមចំនួន ១០០លាននាក់ទៀតនោះ គឺចំណាយពេលមិនដល់ ១ឆ្នាំនោះឡើយ៕