(អឺរ៉ុប)៖ ក្លិប Brentford បានសម្រេចកិច្ចព្រមព្រៀងជាមួយកីឡាករចាំទី Thomas Strakosha ដោយមិនមានតម្លៃផ្ទេរក្នុងកិច្ចសន្យាលេង ៤ឆ្នាំ ដែលយកមកពីក្លិប Lazio បន្ទាប់ពីផុតកិច្ចសន្យាក្រោយបញ្ចប់រដូវកាលមុន។

Thomas Strakosha បានក្លាយជាកីឡាករអ្នកចាំទី៤ របស់ Brentford ក្នុងចំណោមសមាជិកកីឡាករដៃទី១ David Raya, Matthew Cox និងកីឡាករ Ellery Balcombe ដែលត្រៀមប្រជែងតំណែង ១១នាក់សម្រាប់រដូវកាលថ្មីនៃលីគអង់គ្លេស Premier League។

បុរសវ័យ ២៧ឆ្នាំសញ្ជាតិអាល់បានី Thomas ជាកីឡាករអ្នកចាំទីម្នាក់ដែលលេងបាន ២០៨ប្រកួតគិតចាប់តាំងពីចូលរួមក្នុងឈុតយុវជនកាលឆ្នាំ២០១១ រហូតឈានដល់ឈុតធំត្រឹមឆ្នាំ២០២២នេះ ក្នុងនោះក៏បានរួមចំណែកឈ្នះពានរង្វាន់ Coppa Italia ២លើក និងពាន Supercoppa Italiana ២លើកផងដែរ។

គួររំលឹកផងថា កាលពីរដូវកាល២០១២-២២ Thomas បានបង្ហាញខ្លួន ៣១ប្រកួតគ្រប់កម្មវិធីនារដូវកាលមុនជាមួយ Lazio ដែលក្លិបបានបញ្ចប់នៅលេខរៀងទី៥ នៃលីគអ៉ីតាលី Serie A ក្នុងតំណែងអាចប្រជែងពានលីគអឺរ៉ុបទី២ Europa League ពេលដែលក្លិប Brentford បញ្ចប់នៅលេខរៀងទី១៣ ក្នុងតារាងលីគ Premier League។

លោក Thomas Frank គ្រូបង្វឹកក្លិប Brentford បានលើកឡើងថា «យើងពិតជារីករាយដែលបានចុះហត្ថលេខាលើអ្នកចាំទីកំពូល ដែលគាត់ជាប់លេខ១ យូហើយជាមួយ Lazio ក្នុងលីគ Serie A ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ដែលគាត់ធ្លាប់លេងពានអឺរ៉ុប ហើយគាត់នឹងនាំយកបទពិសោធន៍មកជាមួយយ»

ក្លិបរហស្សនាម ឃុំ ក៏បានចុះហត្ថលេខានាំយកកីឡាករវ័យក្មេង ១៨ឆ្នាំ Yehor Yarmoliuk លើកកិច្ចសន្យា ៣ឆ្នាំផ្ទេរពីក្លិប SC Dnipro-1 នៃលីគអ៊ុយក្រែន៕