(កូរ៉េ)៖ ខ្សែភាពយន្តដ៏ល្បីរបស់អាមេរិក ដែលចូលរួមសម្តែងដោយកំពូលតារាហូលីវូដ Tom Cruise ត្រូវបានរាយការណ៍មកថា ទទួលបានចំនួនអ្នកចូលទស្សនារហូតដល់ទៅ ៥លានកៅអី សម្រាប់ការចាក់បញ្ចាំង នៅក្នុងប្រទេសកូរ៉េខាងត្បូង។ គិតរហូតមកទល់នឹងពេលនេះ គឺ «Top Gun: Maverick» បានចាក់បញ្ចាំងនៅកូរ៉េ រយៈពេល២៣ថ្ងៃហើយ ពោលគឺត្រឹមតែ២៣ថ្ងៃដំបូង ទទួលបានអ្នកចូលមើល ៥លានកៅអីតែម្តង។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreatime នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

បើតាមផលិតកម្មរបស់កូរ៉េ Lotte Entertainment បានបង្ហាញថា ខ្សែភាពយន្តមួយនេះ មានចំនួនអ្នកចូលទស្សនាខ្ទង់ ៦០,០០០នាក់បន្ថែមទៀត មុនពេលបូកសរុបចំនួនចុងក្រោយ ពោលគឺសរុបទៅ ៤.៩៤លាននាក់។ ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ខ្សែភាពយន្តនេះបានធ្លាក់មកចំណាត់ថ្នាក់លេខ២ ក្នុងប្រអប់សំបុត្រប្រចាំថ្ងៃ នៅថ្ងៃទី៦ ខែមិថុនា នៅពេលដែលខ្សែភាពយន្ត កំពូលវីរបុរសចុងក្រោយបង្អស់របស់ Marvel «Thor: Love and Thunder» បានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍កូរ៉េ ប៉ុន្តែទទួលបានតំណែងកំពូល (ចំណាត់ថ្នាក់លេខ១) វិញកាលពីថ្ងៃពុធសប្តាហ៍នេះ។

គួរជម្រាបថា តាមរយៈរឿងខាងលើនេះ តារាសម្តែងល្បីឈ្មោះ Tom Cruise បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដោយផ្ទាល់ ដើម្បីផ្សព្វផ្សាយភាពយន្តរបស់ខ្លួននៅទីនោះ ដែលធ្វើឲ្យករណីនេះក្លាយជាដំណើរទស្សនកិច្ចលើកទី១០ ហើយរបស់លោក Tom Cruise ទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីលើកដំបូងក្នុងឆ្នាំ១៩៩៤៕