(បរទេស)៖ ថ្មីៗនេះកំពូលមហាសេដ្ឋីលំដាប់ពិភពលោក លោក Bill Gates បានប្រកាសពីការបរិច្ចាគទ្រព្យសម្បត្តិរបស់លោកដល់ទៅ ២០ពាន់លានដុល្លារ ចូលទៅកាន់មូលនិធិ Bill and Melinda Gates។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

សហស្ថាបនិកក្រុមហ៊ុន Microsoft និងអតីតភរិយារបស់គាត់គឺលោកស្រី Melinda French Gates បានសន្យាថានឹងបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេភាគច្រើនដល់មូលនិធិដែលពួកគេបានបង្កើតឡើងរួមគ្នាកាលពី ២០ឆ្នាំមុនក៏ដូចជាកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌ផ្សេងទៀត។ ខណៈដែលមូលនិធិ Bill and Melinda Gates Foundation នេះបានបើកដំណើរការដំបូងឡើយនៅឆ្នាំ២០០០ ដោយបានបម្រើការជាអង្គការសប្បុរសធម៌ដ៏ធំបំផុតមួយរបស់ពិភពលោក។

យ៉ាងណាមិញការបរិច្ចាគក្នុងទំហំទឹកប្រាក់ ២០ពាន់លានដុល្លារនេះគឺផ្តោតជាចម្បងលើការផ្តល់សប្បុរសធម៌ដែលមានគោលបំណងធ្វើឱ្យប្រើសើរឡើងនូវសុខភាពសកល សមភាពយេនឌ័រ ការប្រែប្រួលអាកាសធាតុ ការអប់រំ រួមទាំងសង្គ្រាមរវាងរុស្ស៊ីលើអ៊ុយក្រែនដែលជាបញ្ហាចម្បងមួយចំនួនដែលពិភពលោកកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន។

ទន្ទឹមនឹងការបរិច្ចាគនេះលោក Gate បានឡើកថា «ទៅថ្ងៃអនាគត ខ្ញុំមានគម្រោងផ្តល់ទ្រព្យសម្បត្តិស្ទើរតែទាំងអស់របស់ខ្ញុំទៅឱ្យមូលនិធិសប្បុរសធម៌» ហើយ «ខ្ញុំនឹងចុះចេញពីបញ្ជីជាកំពូលអ្នកមានបំផុតរបស់ពិភពលោក»។ ដោយលោកបានបន្ថែមទៀតថា «ខ្ញុំមានកាតព្វកិច្ចប្រគល់ធនធានរបស់ខ្ញុំទៅកាន់សង្គមវិញ ដើម្បីឱ្យកើតជាប្រយោជន៍ និងតាមរបៀបដែលអាចឱ្យការរស់នៅរបស់មនុស្សប្រសើរជាងមុន» ក្នុងនោះ «ខ្ញុំសង្ឃឹមថាអ្នកដែលមានទ្រព្យសម្បត្តិផ្សេងទៀតនឹងនៅតែជួយសង្គមបន្តទៀត»

គួរជម្រាបដែរថា លោក Bill Gates មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១១៤ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២) ខណៈបច្ចុប្បន្ននេះលោកគឺជាកំពូលមហាសេដ្ឋីលំដាប់ទី៤ របស់ពិភពលោក។ បើតាមការបញ្ជាក់ពី Bloomberg ជាមួយនឹងទ្រព្យសម្បត្តិភាគច្រើនរបស់គាត់គឺទាក់ទងនឹងភាគហ៊ុនរបស់ Microsoft៕