(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបញ្ចប់ជាស្ថាពរនៃគម្រោង Picasso City Garden ជាមួយនឹងការបើកដំណើការគម្រោងតំបន់សេដ្ឋកិច្ចពិសេសរបស់ ទីតាន ស្តូន Picasso City Garden ដែលជាគម្រោងវិនិយោគទុនដ៏ធំ ដើម្បីផ្តល់នូវលំនៅដ្ឋានដែលមានផាសុខភាព និងស្តង់ដារនៃការរស់នៅដូចលំនៅដ្ឋានប្រណិតនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលបានវិនិយោគទឹកប្រាក់ចំនួន៥១លានដុល្លារអាមេរិក។

ពិធីនេះ បានរៀបចំឡើងនៅទីតាំង Picasso City Garden ដោយមានការចូលរួមពីលោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា និងលោកស្រី កេត រ៉ាឌី , លោក Darren Teng អគ្គនាយកក្រុមហ៊ុន Titan Stone Group និងជាប្រធានក្រុមហ៊ុន Global Titan Stone Real Estate Company limited និងក្រុមហ៊ុន Picasso City Garden Development Co., Ltd , លោក Wayne Yeh ប្រធានក្រុមហ៊ុន Titan Stone Group រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

បន្ទាប់ពីការអញ្ជើញកាត់ខ្សែបូររួច លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន Titan Stone និងបានបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះការ បន្តការវិនិយោគរបស់ Titan Stone Group នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកបណ្ឌិត ហេង វុទ្ធី ក៏បានបង្ហាញជំនឿជាក់ថា ប្រទេសកម្ពុជានឹងងើបឡើងវិញយ៉ាងឆាប់រហ័សពីជំងឺរាតត្បាត ហើយដំណើរការសេដ្ឋកិច្ច នឹងវិលទៅរកស្ថានភាព ប្រសើរ ដូចមុនពេលមានជំងឺរាតត្បាតក្នុងពេលឆាប់ៗនេះ។

នាឱកាសនោះលោក Darren Teng ក៏ថ្លែងអំណរគុណចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានមកធ្វើជាសាក្សីក្នុងឱកាសដ៏រុងរឿងរបស់ Picasso City Garden និងការគាំទ្រដើម្បីអនុញ្ញាតឱ្យ Picasso រក្សាជំហររឹងមាំក្នុងការប្រឈមមុខនឹងការលំបាក និងឆ្ពោះទៅមុខដើម្បីផ្តល់នូវផលិតផលដែលមានគុណភាព ដល់សាធារណៈជន។ នៅក្នុងឆមាសទី២នៃឆ្នាំនេះ Picasso City Garden កំពុងរៀបចំគម្រោងថ្មីចំនួនពីរគឺ Picasso City Garden II និងអាផាតមិនលំដាប់ខ្ពស់ ដែលសហការជាមួយសណ្ឋាគារម៉ាកល្បី។

លោក Darren Teng បានបន្ថែមថា ដោយមើលឃើញពីតម្រូវការនៃការផ្ទេរខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ គម្រោងតំបន់សេដ្ឋកិច្ចពិសេស Titan Stone (Titan Stone SEZ) Titan Stone Group នឹងប្រើប្រាស់ធនធានវិនិយោគផ្ទាល់ខ្លួន ដើម្បីទាក់ទាញនឹងណែនាំសហគ្រាស និងអ្នកផ្គត់ផ្គង់ឈានមុខគេលំដាប់អន្តរជាតិ មកសហការណ៍ ចូលរួមក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ជាមួយនឹងការបង្កើនឱកាសការងារក្នុងស្រុកតាមរយៈការផ្ទេរខ្សែសង្វាក់ផ្គត់ផ្គង់នេះ និងលើកកម្ពស់កម្លាំងផលិតកម្មនៅកម្ពុជា ដើម្បីជួយឧស្សាហកម្មកម្ពុជា ផ្លាស់ប្តូរពីកសិកម្ម ឬឧស្សាហកម្មធុនស្រាល ទៅជាឧស្សាហកម្មកាន់តែរីកចំរើនបន្ថែម។

លោក Wayne Yeh បានឱ្យដឹងដែរថា Titan Stone Group បានចូលមកប្រទេសកម្ពុជាចំនួន ៥ឆ្នាំមកហើយ ដោយសារតែមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា ហើយគិតមកដល់ពេលនេះជាលទ្ធផលសេដ្ឋកិច្ចនិងសក្តានុពលនាពេលអនាគតរបស់កម្ពុជា ត្រូវបានបង្ហាញឱ្យថា Titan Stone Group បានសម្រេចចិត្តត្រឹមត្រូវ នាពេលនោះ។ បន្ថែមពីលើអាជីវកម្មអចលនទ្រព្យដែលមានស្រាប់ និង Titan Stone Life Insurance គ្រុប Titan Stone Group នៅតែបន្តស្វែងរកការវិនិយោគចម្រុះ មួយនៅក្នុងចំណោមនោះគឺ Titan Stone SEZ ។

លោក Wayne Yeh បានបន្ថែមថា ក្រៅពីសកម្មភាពវិនិយោគ Titan Stone Group ក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងសកម្មភាពសប្បុរសធម៌ ការបរិច្ចាគ ការឧបត្ថម្ភសម្ភារៈកីឡា កម្មវិធីសុន្ទរកថារបស់សាលា និងកម្មវិធីផ្សេងៗជាច្រើនទៀត តាមរយៈការជួយជនក្រីក្រ និងបណ្តុះទេពកោសល្យធនធានមនុស្សក្នុងស្រុក យើងសង្ឃឹមថានឹងធ្វើឱ្យសង្គមកាន់តែប្រសើរឡើង។

សូមបញ្ជាក់ដែរថា ទីតាន ស្តូន គ្រុប ត្រូវបានបង្កើតឡើងក្នុងទីក្រុងហុងកុងក្នុងឆ្នាំ២០០៣ ជាក្រុមហ៊ុន វិនិយោគហិរញ្ញវត្ថុដែលមានជំនាញវិជ្ជាជីវៈ។ សកម្មភាព អាជីវកម្ម របស់ ទីតាន ស្តូន គ្រុប មានដូចជា៖ អចលនទ្រព្យនៅក្រៅប្រទេស ការធានារ៉ាប់រងលើអាយុជីវិត ការទិញភាគហ៊ុន ការគ្រប់គ្រងទ្រព្យសកម្ម ការគ្រប់គ្រង ទ្រព្យសម្បត្តិ ឯកជន។ ទីតាន ស្តូន គ្រុបមានបទពិសោធន៍រហូតដល់ ១៩ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុនិងមានបទពិសោធន៍ទៅលើការ វិនិយោគដ៏សំបូរបែប។ ដើម្បីស្វែងយល់បន្ថែមអំពី ទីតាន ស្តូន គ្រុប សូមចូលទៅកាន់ http://www.titanstonegroup.com