(ក្រចេះ)៖ លោក ងី ឡាយមិថុនា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យក្រចេះ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានសង្កាត់អូរឫស្សី នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងដាំដើមឈើលម្អចំនួន១,០០០ដើម ដើម្បីជាគម្របបៃតងទីក្រុង ការបង្កើនសោភ័ណភាព និងបរិស្ថានស្អាតនៅក្នុងសង្កាត់ឱ្យកាន់តែស្រស់ស្អាត និងជាផ្នែកមួយនៃការអភិវឌ្ឍនៅតាមមូលដ្ឋាន។

គម្រោងដាំដើមឈើលម្អទាំង១,០០០ដើមនោះ រួមមាន ក្ងោកលឿងចំនួន២០០ដើម លឿងរាជចំនួន២០០ដើម ភួងមង្គលចំនួន២០០ដើម ឥន្ធនេលចំនួន២០០ដើម និងដើមចារចំនួន២០០ដើម ដែលគ្រោងនឹងដាក់ដាំនៅតាមបណ្តាដងផ្លូវនានានៅក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ។

លោក ងី ឡាយមិថុនា បានឱ្យដឹងថា ដើមឈើទាំងនេះគឺជាអំណោយរបស់លោក សាយ សំណាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តាមរយៈលោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានក្រុងក្រចេះ ខេត្តក្រចេះ។

ក្នុងកិច្ចប្រជុំនេះ លោក ងី ឡាយមិថុនា បានលើកឡើងថា ដើម្បីជាគម្របបៃតងទីក្រុង ការបង្កើនសោភ័ណភាព និងបរិស្ថានស្អាតនៅក្នុងសង្កាត់ឱ្យកាន់តែស្រស់ស្អាត និងជាផ្នែកមួយនៃការអភិវឌ្ឍនៅតាមមូលដ្ឋាន ស្របពេលព្រមគ្នាជាមួយនឹងការអបអរសាទរជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។ ដូច្នេះយើងត្រូវតែរួមគ្នាដាំ និងថែរក្សាគម្របបៃតងទីក្រុង ការបង្កើនសោភ័ណភាព និងបរិស្ថានស្អាតនៅក្នុងសង្កាត់ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ។

ជំហានបន្ទាប់ពីការសម្រេចនៅក្នុងកិច្ចប្រជុំនេះ ក្រុមការងារដែលដឹកនាំដោយសាកលវិទ្យាល័យក្រចេះ និងមានការចូលរួមសហការពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីអនុវត្តនូវការងារបន្ត រួមមាន៖ ១. ការកំណត់ទីតាំងដែលត្រូវដាំ, ២. ការកំណត់ថ្ងៃធ្វើពិធីដាំដើមឈើ, ៣. ការប្រគល់ចំនួនដើមឈើតាមភូមិនីមួយៗ ដើម្បីដាំតាមចំណុចដៅ, និង ៤. នៅតាមភូមិនីមួយៗត្រូវមានកាតព្ធកិច្ចថែទាំ និងការពារដើមឈើឱ្យបានដុះលូតលាសល្អ។

ក្រោយពីកិច្ចប្រជុំពិភាក្សាបានបញ្ចប់ ប្រធានអង្គប្រជុំរួមជាមួយសមាជិកទាំងអស់បានដើរទស្សនកិច្ចសមិទ្ធផលអភិវឌ្ឍនានានៅក្នុងបរិវេណសាកលវិទ្យាល័យផងដែរ៕