(ឡុងដ៏)៖ ក្លិប Nottingham Forest ដែលទើបឡើងមកប្រជែងពានលីគអង់គ្លេស Premier League សារជាថ្មី បានសម្រេចកិច្ចព្រមព្រៀងក្នុងការទិញបានកីឡាករចាំទី Wayne Hennessey ដែលមានកិច្ចសន្យារយៈពេល ២ឆ្នាំ ខណៈខ្សែការពារ Nathan Ake ត្រូវបានបង្ហាញថា បន្តស្នាក់នៅជាមួយ Manchester City ក្រោយពេលការចរចារបស់ Chelsea បរាជ័យ។

កីឡាករចាំទីវ័យ ៣៥ឆ្នាំសញ្ជាតិវ៉េល Wayne Hennessey បានផ្ទេរទៅកាន់ Nottingham Forest បន្ទាប់ពីក្លិប Burnley ត្រូវបានកាត់ចេញពីលីគ Premier League សម្រាប់ការប្រជែងរដូវកាលនេះ ខណៈលោកលេងបានតែ ៣ប្រកួតប៉ុណ្ណោះសម្រាប់រដូវកាលមុន ដ្បិតធ្លាប់លេងបាន ១៣២ប្រកួតជាមួយក្លិប Crystal Palace ក្នុងនាមជាកីឡាករអាជីព។

ក្នុងនោះផងថា ខ្សែការពារឆ្នើមក្លិប Manchester City កីឡាករសញ្ជាតិហូឡង់ Nathan Ake ក៏ត្រូវបានប្រភព BBC បង្ហាញថា រូបគេនឹងបន្តស្នាក់នៅជាមួយក្លិបនេះ ក្រោយពេល Chelsea បានបរាជ័យក្នុងការជួបពិភាក្សាតម្លៃផ្ទេរ ខណៈរូបគេកាលពីរដូវកាលមុនបានបង្ហាញទម្រង់យ៉ាងល្អ ដោយស៊ុតបាន ២គ្រាប់ក្នុងនាមជាខ្សែការពារកណ្តាល និងការពារស្លាបឆ្វេង ដែលលេងបាន ១៤ប្រកួតសម្រាប់រដូវកាលមុន៕