(មេនឆេស្ទឺ)៖ ក្លិប Manchester United បានចុះហត្ថលេខាជាមួយកីឡាករ Christian Eriksen លើការផ្ទេរដោយឥតបង់ថ្លៃ ជាមួយនឹងកីឡាករសញ្ជាតិដាណឺម៉ាករូបនេះ បានចុះកិច្ចសន្យារយៈពេល៣ឆ្នាំ។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នេះ។

Eriksen ដែលចាំបាច់ត្រូវការការព្យាបាល ដើម្បីជួយសង្គ្រោះជីវិត ដោយសារការដួលសន្លប់លើទីលានប្រកួតកាលពីឆ្នាំមុន នៅពេលដែលលោក បានទទួលរងបញ្ហាគាំងបេះដូង ស្ទើរតែនឹងស្លាប់នៅក្នុងការប្រកួត European Championship ដែលបានប៉ះនឹងក្រុមហ្វាំងឡង់ កាលពីខែមិថុនានោះ បានវិលត្រឡប់ចូលទីលានប្រកួតវិញ ជាមួយនឹងក្លិប Brentford បន្ទាប់ពីចុះកិច្ចសន្យារយៈពេលខ្លី កាលពីខែមករាកន្លងទៅ។

Eriksen គឺជាកីឡាករទី២ហើយ ដែលបានចុះកិច្ចសន្យាជាមួយក្លិប United ក្នុងពេលបិទរដូវកាល ស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកចាត់ការថ្មី សញ្ជាតិហូឡង់ Erik ten Hag បន្ទាប់ពីក្លិបបានចុះកិច្ចសន្យា ជាមួយខ្សែការពារឆ្វេងសញ្ជាតិហូឡង់ Tyrell Malacia។

Eriksen គឺជាកីឡាកររបស់ក្លិប Inter Milan នៅពេលដែលលោកដួលសន្លប់លើទីលាន និងបានទទួលការវះកាត់ដាក់ឧបករណ៍ផ្សាំបេះដូង (ICD) ដែលមិនត្រូវបានអនុញ្ញាត នៅក្នុងលីគអ៉ីតាលី Serie A នោះទេនាំឲ្យឈានដល់ការបញ្ចប់កិច្ចសន្យារបស់លោក។

បន្ទាប់ពីចុះកិច្ចសន្យាជាមួយ Brentford លោកបានបង្ហាញខ្លួន១១ប្រកួត ដោយស៊ុតបញ្ចូលទី១គ្រាប់ និងជួយឲ្យរកគ្រាប់បាល់៤គ្រាប់ ខណៈ Brentford បានបញ្ចប់នៅចំណាត់ថ្នាក់ទី១៣ ក្នុងរដូវកាលដំបូងរបស់ពួកគេ នៅលីគ Premier League។

លោកក៏បានបន្តចាប់ផ្តើមឡើងវិញ លេងក្នុងក្រុមជម្រើសជាតិដាណឺម៉ាកផងដែរ ដោយបានស៊ុតបញ្ចូលទី ក្នុងការប្រកួតប៉ះក្រុមស៊ែប៊ី ក្នុងការវិលត្រឡប់របស់លោក ទៅកាន់កីឡដ្ឋាន Parken Stadium ជាទីលានដែលលោកបានដួលសន្លប់នោះ។

សូមជម្រាបថា United។ ដែលបានបញ្ចប់នៅចំណាត់ថ្នាក់ទី៦ កាលពីរដូវកាលមុន និងបរាជ័យ ក្នុងការឈានទៅប្រកួត Champions League នោះ នឹងចាប់ផ្តើមរដូវកាល Premier League ថ្មី ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Brighton & Hove Albion នៅថ្ងៃទី៧ ខែសីហាខាងមុខ៕