(តូក្យូ)៖ ទីក្រុង Tokyo របស់ជប៉ុន បានយកឈ្នះគូប្រជែងរបស់ខ្លួនមកពីសិង្ហបុរី ណៃរ៉ូប៊ី និងទីក្រុងស៊ីលីសៀ ដោយត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា World Athletics Championships ឆ្នាំ២០២៥។ នេះបើតាមការប្រកាសពីស្ថាប័ន World Athletics ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នេះ។

ព្រឹត្តិការណ៍នេះនឹងវិលត្រឡប់ទៅធ្វើឡើង នៅទីក្រុងដែលបានធ្វើជាម្ចាស់ផ្ទះ Olympic Games កាលពីឆ្នាំមុន នៅក្នុងឆ្នាំដែលសហព័ន្ធសមាគមអត្តពលិកជប៉ុន (JAAF) ប្រារព្ធខួប១០០ឆ្នាំរបស់ខ្លួន។

ទីក្រុង Budapest របស់ហុងគ្រី នឹងធ្វើជាម្ចាស់ផ្ទះ World Athletics Championships សម្រាប់ឆ្នាំ២០២៣។ នេះបើតាមការលើកឡើងពី World Athletics។

សូមរំលឹកថា Tokyo ធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ កាលពីឆ្នាំ១៩៩១ ស្របពេលទីក្រុង Osaka របស់ជប៉ុន ក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះផងដែរកាលពីឆ្នាំ២០០៧៕