(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក បានប្រគល់រង្វាន់ម៉ូតូចំនួន ២២គ្រឿង និងរថយន្ត Ford Wildtrak Pickup ១គ្រឿង ជូនដល់អតិថិជន ដែលជាអ្នកឈ្នះពីកម្មវិធី «ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ» កាលពីខែមុន ដែលបានធ្វើឡើងនៅធនាគារ វីង សាខាសែនសុខ ដែលមានទីតាំងនៅជិតផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី។

លើកឡើងនាឱកាសនោះ លោក ហាន ប៉េង ក្វាង អគ្គនាយកនៃធនាគារ វីង បានថ្លែងអំណរគុណដល់អតិថិជនដែលបានជួយគាំទ្រដល់ការរីកចម្រើន និងភាពជោគជ័យ របស់ធនាគារនាពេលកន្លងមក។ លោកអះអាងថា ការសន្សំប្រាក់មានសារៈសំខាន់ក្នុងគ្រប់ដំណាក់កាលនៃជីវិតរបស់មនុស្ស។ ការសន្សំប្រាក់ជួយការពារក្នុងពេល មានបញ្ហាហិរញ្ញវត្ថុផ្សេងៗ និងជួយក្នុងការសម្រេចការផ្លាស់ប្ដូរធំៗក្នុងជីវិតដូចជា៖ ការទិញលំនៅដ្ឋាន និងទិញយានយន្តលើកដំបូង តម្រូវការសេវាសុខភាព សម្រាប់ខ្លួនផ្ទាល់ និងក្រុមគ្រួសារជាដើម។ ការសន្សំប្រាក់ក៏អាចនាំទៅរកសេរីភាពផ្នែកហិរញ្ញវត្ថុបានមួយកម្រិតទៀតផងដែរ។

លោកបានបញ្ជាក់ទៀតថា កាលពីខែមុន ធនាគារ វីង រៀបចំឲ្យមានកម្មវិធី «ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ» ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុនៅក្នុងសហគមន៍ ក៏ដូចជាលើកទឹកចិត្ដអតិថិជនដែលបានដាក់ការគាំទ្រ និងជឿជាក់លើផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន។

លោក ហាន ប៉េងក្វាង បានបន្ថែមថា ធនាគារ វីង មានបំណងចង់លើកកម្ពស់នូវវប្បធម៌នៃការសន្សំ បរិយាប័ន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា បន្ថែមទៀតតាមរយៈកម្មវិធីបែបនេះ និងកម្មវិធីជាច្រើនទៀតដែលនឹងរៀបចំនាពេលខាងមុខ។

ការប្រគល់រង្វាន់លើកនេះគ្រាន់តែជាជុំទី១ នៃការចាប់រង្វាន់ទាំង៦ជុំ ដែលជាផ្នែកនៃកម្មវិធី «ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ»។ នៅមានការចាប់រង្វាន់ ៥ជុំទៀត ជាមួយការផ្តល់ជូនដ៏រំភើបដូចគ្នា ដែលនឹងមានដំណើរការរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ អតិថិជនដែលមិនទាន់បើកគណនីធនាគារវីងនៅឡើយ នៅតែមានឱកាសដើម្បីចូលរួមការចាប់ឆ្នោតជុំទី២ទៀត។

លោកបានបន្ថែមថា ដើម្បីចូលរួមការចាប់រង្វាន់ អតិថិជនគ្រាន់តែបើកគណនីធនាគារ វីង ហើយធ្វើការដាក់ប្រាក់ឲ្យបានត្រឹមដំណាច់ខែកក្កដានេះ ក៏នឹងមានឱកាស ឈ្នះម៉ូតូមួយក្នុងចំណោមម៉ូតូ Honda Dream ចំនួន ២២គ្រឿង ឬរថយន្ត Ford Wildtrak Pickup ដ៏ពេញនិយមចំនួន១គ្រឿងផងដែរ។ អតិថិជនអាចបើកគណនី នៅសាខាធនាគារ វីង ឬភ្នាក់ងារវីងណាមួយក៏បានដោយគ្រាន់តែយកភ្ជាប់ទៅជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាពតែប៉ុណ្ណោះ។

អ្នកប្រើប្រាស់គណនីធនាគារ វីង ស្រាប់ ក៏មានឱកាសចូលរួមការរង្វាន់ដូចគ្នា ដោយគ្រាន់តែដាក់ប្រាក់សន្សំត្រឹមតែ ៥០០ដុល្លារអាមេរិក ឬ ២លានរៀលប៉ុណ្ណោះ ក៏អាចចូលរួមការចាប់រង្វាន់ដើម្បីឈ្នះរង្វាន់ម៉ូតូ Honda Dream ជារៀងរាល់ថ្ងៃ។ រាល់ការដាក់ប្រាក់ ៥០០ដុល្លារអាមេរិក អតិថិជននឹងទទួលបានសំបុត្រ ចាប់ឆ្នោតមួយសន្លឹក។

សូមបញ្ជាក់ថា ដើម្បីមានឱកាសឈ្នះរថយន្ត Ford Wildtrak Pickup ប្រចាំខែ អតិថិជនគ្រាន់តែដាក់ប្រាក់ ៥០០០ដុល្លារអាមេរិក ឬ ២០លានរៀលប៉ុណ្ណោះ។ រាល់ការដាក់ ប្រាក់ ៥០០០ ដុល្លារអាមេរិក អតិថិជននឹងទទួលបានសំបុត្រចាប់ឆ្នោតមួយសន្លឹក។

ទោះយ៉ាងណាក៏ដោយអតិថិជនដែលដាក់ប្រាក់កាន់តែច្រើនមានឱកាសឈ្នះរង្វាន់កាន់តែធំ។ អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០ ០០០ដុល្លារអាមេរិក ឬ ២០០លាន រៀល នឹងមានឱកាសឈ្នះ រថយន្ត Lexus LX600 SUV ដ៏ប្រណិតនៅចុងឆ្នាំនេះ។ រាល់ការដាក់ប្រាក់ ៥០ ០០០ ដុល្លារអាមេរិក អតិថិជននឹងទទួលបានសំបុត្រ ចាប់ឆ្នោតមួយសន្លឹក។

អតិថិជនដែលបានបំពេញបានលក្ខខណ្ឌ ដើម្បីមានឱកាសឈ្នះរថយន្ត Lexus LX600 SUV ក៏នឹងទទួលបានឱកាសឈ្នះរថយន្ត Ford Wildtrak Pickup ប្រចាំខែ និងម៉ូតូ Honda Dream ប្រចាំថ្ងៃដោយស្វ័យប្រវត្តិ។ អតិថិជនដែលបំពេញបានលក្ខខណ្ឌដើម្បីមានឱកាសឈ្នះរថយន្ត Ford Wildtrak Pickup នឹងទទួលបានឱកាសឈ្នះម៉ូតូ Honda Dream ប្រចាំថ្ងៃ។

ការចាប់រង្វាន់ជុំទី២ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ក្នុងកម្មវិធី Saturday Night LIVE របស់ស្ថានីយ៍ទូរទស្សន៍ CTN ដែលផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ០៧៖០០ យប់ ដល់ម៉ោង ០៩៖០០យប់ និងតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង ផងដែរ។ ការទទួលយករង្វាន់ នឹងមិនតម្រូវឲ្យអ្នកឈ្នះបង់ថវិកាបន្ថែម តាមរូបភាពណាមួយនោះឡើយ៕