(ភ្នំពេញ)៖ កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅរាត្រីថ្ងៃទី១៦ ខែកក្កដានេះ បន្ទាប់ពីដណ្ដើមបានមេដាយមាស ២គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក The World Games 2022 នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣-១៤ ខែកក្កដាកន្លងទៅ។

ដំណើរមាតុភូមិនិវត្ដន៍របស់ប្រតិភូ និងម្ចាស់មេដាយមាសកីឡាពិភពលោក នៅរាត្រីថ្ងៃសៅរ៍នេះ មានការអញ្ជើញទទួលស្វាគមន៍ដោយផ្ទាល់ពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា រួមទាំងមន្ដ្រីក្រោមឱវាទ និងថ្នាក់ដឹកនាំសហព័ន្ធមួយចំនួនទៀត។

វីរកីឡាការិនី អ៊ុក ស្រីមុំ បានឈ្នះមេដាយមាស ១គ្រឿង លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka HOWE ដោយលទ្ធផល ៤១-២១ពិន្ទុ នៅវគ្គផ្ដាច់ព្រ័ត្រ មុនលោកស្រី ចាប់ដៃជាមួយសិស្សប្អូន អ៊ុន ស្រីយ៉ា ដណ្ដើមបានមេដាយមាស ១គ្រឿងទៀត លើវិញ្ញាសាវាយគូនារី ២នាក់ ទល់ ២នាក់ ក្រោយប្រកួតផ្ដាច់ព្រ័ត្រយកឈ្នះក្រុមខ្លាំងបារាំង ក្នុងលទ្ធផល ៩-៧ពិន្ទុ។

នេះគឺជាលើកដំបូងហើយ ដែលកម្ពុជា បានបញ្ចូនអត្តពលិកចូលរួមប្រកួតព្រឹត្តិការណ៍ World Games ពោលគឺមានតែកីឡាការិនីប៉េតង់ ២រូប និងប្រកួតលើ ២វិញ្ញាសាប៉ុណ្ណោះ ដោយដណ្ដើមបានមេដាយមាសទាំង ២វិញ្ញាសា ហើយក៏ជាកំណត់ត្រាប្រវត្តិសាស្ដ្រ ដែលទង់ជាតិកម្ពុជា ត្រូវបានបង្ហូតឡើងក្នុងព្រឹត្តិការណ៍កីឡា លើទឹកដីសហរដ្ឋអាមេរិកផងដែរ។

គួរដឹងថា ព្រឹត្តិការណ៍ World Games នេះ រៀបចំដោយសមាគមកីឡា International World Games Association គាំទ្រដោយគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ។ ព្រឹត្តិការណ៍នេះ តែងរៀបចំ ៤ឆ្នាំម្ដង សម្រាប់ប្រភេទកីឡាមិនមានវត្ដមានក្នុងការប្រកួតកីឡាអូឡាំពិក ។ ចំពោះការប្រកួតលើកទី១១ នាទីក្រុង Birminghtam នេះ គឺមានអត្តពលិកជិត ៣,៦០០នាក់ មកពីជាង ១០០ប្រទេសចូលរួមប្រកួតលើ ៣០ប្រភេទកីឡា ស្មើនឹង ៥៤វិញ្ញាសា ក្នុងនោះក៏មានវត្តមានកីឡាការិនីប៉េតង់កម្ពុជា ២រូបផងដែរ៕