(ភ្នំពេញ)៖ ក្នុងនាមប្រធានគណៈកម្មាធិការស្ត្រី និងកីឡា អមគណៈកម្មការជាតិអូឡាំពិកកម្ពុជា លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានសម្ដែងការកោតសរសើរ និងអបអរសាទរចំពោះ កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា ដែលបានខិតខំពុះពាររហូតទទួលជោគជ័យ នាំយកមេដាយមាស World Games ជូនមាតុភូមិ។

លោកស្រីបណ្ឌិត កុយ ពិសី កាលពីរាត្រីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានចូលរួមទទួលស្វាគមន៍ កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា ត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីដណ្ដើមបានមេដាយមាស ២គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក The World Games 2022 នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣-១៤ ខែកក្កដា កន្លងទៅ។

លោកស្រីបណ្ឌិត កុយ ពិសី បានលើកឡើងថា ជោគជ័យនេះកើតឡើងដោយសារការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាការិនីកម្ពុជា និងឆន្ទៈមោះមុតក្នុងការដណ្ដើមយកជ័យជម្នះ ជាមួយនឹងការយកចិត្តទុកដាក់ និងលើកទឹកចិត្តយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ក្រោមដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យវិស័យកីឡាកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរ។

សូមបញ្ជាក់ថា វីរកីឡាការិនី អ៊ុក ស្រីមុំ បានឈ្នះមេដាយមាស១គ្រឿង លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka HOWE ដោយលទ្ធផល ៤១-២១ពិន្ទុ នៅវគ្គផ្ដាច់ព្រ័ត្រ មុនលោកស្រីចាប់ដៃជាមួយសិស្សប្អូន អ៊ុន ស្រីយ៉ា ដណ្ដើមបានមេដាយមាស១គ្រឿងទៀត លើវិញ្ញាសាវាយគូនារី ២នាក់ ទល់ ២នាក់ ក្រោយប្រកួតផ្ដាច់ព្រ័ត្រយកឈ្នះក្រុមខ្លាំងបារាំង ក្នុងលទ្ធផល ៩-៧ពិន្ទុ។

នេះគឺជាលើកដំបូងហើយ ដែលកម្ពុជា បានបញ្ចូនអត្តពលិកចូលរួមប្រកួតព្រឹត្តិការណ៍ World Games ពោលគឺមានតែកីឡាការិនីប៉េតង់ ២រូប និងប្រកួតលើ ២វិញ្ញាសាប៉ុណ្ណោះ ដោយដណ្ដើមបានមេដាយមាសទាំង ២វិញ្ញាសា ហើយក៏ជាកំណត់ត្រាប្រវត្តិសាស្ដ្រ ដែលទង់ជាតិកម្ពុជា ត្រូវបានបង្ហូតឡើងក្នុងព្រឹត្តិការណ៍កីឡា លើទឹកដីសហរដ្ឋអាមេរិកផងដែរ។

ព្រឹត្តិការណ៍ World Games រៀបចំដោយសមាគមកីឡា International World Games Association គាំទ្រដោយគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ។ ព្រឹត្តិការណ៍នេះ តែងរៀបចំ ៤ឆ្នាំម្ដង សម្រាប់ប្រភេទកីឡាមិនមានវត្ដមានក្នុងការប្រកួតកីឡាអូឡាំពិក ។ ចំពោះការប្រកួតលើកទី១១ នាទីក្រុង Birminghtam នេះ គឺមានអត្តពលិកជិត ៣,៦០០នាក់ មកពីជាង ១០០ប្រទេសចូលរួមប្រកួតលើ ៣០ប្រភេទកីឡា ស្មើនឹង ៥៤វិញ្ញាសា ក្នុងនោះក៏មានវត្តមានកីឡាការិនីប៉េតង់កម្ពុជា ២រូបផងដែរ៕