(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ពិធីសម្ពោធបើកដាក់ដំណើរការគោលការណ៍លក់ទំនិញរួចពន្ធ ជូនប្រជាពលរដ្ឋខ្មែរ ដើម្បីជំរុញឲ្យមានការអនុវត្តគោលការណ៍អនុញ្ញាត ឲ្យប្រជាពលរដ្ឋខ្មែរទិញទំនិញរួចពន្ធបាន ដែលរៀបចំឡើងដោយក្រុមហ៊ុន ឆាយណា ឌ្យូធីហ្រ្វី គ្រុប (ខេមបូឌា) ខូអិលធីឌី នៅផ្សារទំនិញរួចពន្ធ cdf ភ្នំពេញ។

លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគ យនិងរដ្ឋាករកម្ពុជា បានថ្លែងថា «ចាប់ពីឆ្នាំ២០២០មក ជម្ងឺកូវីដបានរាតត្បាតនៅពាសពេញពិភពលោក ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ឲ្យបានឆាប់រហ័ស កាត់បន្ថយសំពាធរបស់សហគ្រាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុម័តឲ្យក្រុមហ៊ុន CDF Cambodia សាកល្បងអនុវត្តគោលការណ៍ លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរ។ គោលការណ៍នេះបានផ្តល់ជូននូវជម្រើសថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ក្នុងការទិញផលិតផលលំដាប់ថ្នាក់ជាន់ខ្ពស់នៅក្នុងប្រទេសរបស់ខ្លួន»

លោក Wu Guo Quan ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យ នៃការបើកដំណើរការគោលការណ៍នេះ ដោយថ្លែងថា «ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងក្រុមហ៊ុន CDF Cambodia យើងធ្វើជាសក្ខីភាពចំពោះសម័យកាលថ្មី ក្រោយកូវីដ ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ជាកម្លាំងចលករជំរុញដល់ការសម្រេចបាននូវគោលការណ៍ថ្មីមួយ សម្រាប់វិស័យលក់រាយទំនិញរួចពន្ធ»

លោក Chang Zhu Jun អគ្គនាយករងក្រុមហ៊ុន China Duty Free Group បានថ្លែងសុន្ទរកថា តាមប្រព័ន្ធអ៊ីនធើណេតពីទីក្រុងហុងកុងថា «គោលការណ៍ថ្មីស្រឡាងមួយនេះ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិជូន CDF Cambodia គឺសបញ្ជាក់អំពីមិត្តភាពដ៏ល្អផូរផង់រវាងប្រទេសកម្ពុជានិងចិន ដើម្បីភាពអភិវឌ្ឍឲ្យកាន់តែល្អប្រសើរឡើង ហើយក៏ជាការជឿជាក់ និងទទួលស្គាល់ចំពោះការធ្វើអាជីវកម្ម ប្រកបដោយជំនាញនិងស្របច្បាប់របស់ ក្រុមហ៊ុន China Duty Free Group»

លោក Shao Jian Chen អគ្គនាយកក្រុមហ៊ុន ឆាយណា ឌ្យូធីហ្រ្វី គ្រុប (ខេមបូឌា) ខូអិលធីឌី បានបញ្ជាក់ថា សូមថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសម្រាប់ការអនុម័ត គោលការណ៍នេះ ក្រោមការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីសំណាក់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបធ្វើឲ្យគោលការណ៍លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរ ត្រូវបានសម្រេចអនុម័ត ទៅដោយរលូននិងជោគជ័យ ការជំរុញឲ្យគោលការណ៍នេះ វិវត្តទៅយ៉ាងឆាប់រហ័សបែបនេះ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីសមត្ថភាព ក្នុងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា គោលការណ៍នេះមិនត្រឹមតែមានគុណប្រយោជន៍ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញដល់ការអភិវឌ្ឍថ្មីមួយទៀត នៃវិស័យលក់រាយទំនិញរួចពន្ធនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន CDF Cambodia មានកិត្តិយសដែលបានបម្រើសេវាកម្មជូនអតិថិជនខ្មែរ នឹងផ្តល់ជូននូវតម្លៃរួចពន្ធដែលថោកបំផុត ម៉ាកផលិតផលល្បីៗលំដាប់ជាន់ខ្ពស់ ផ្តល់ជូននូវបទពិសោធនៃការទិញទំនិញដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនខ្មែរ។

តាមការរាយការណ៍ បានឲ្យដឹងថា៖ បន្ទាប់ពីបើកដំណើរការគោលការណ៍នេះ ជនជាតិខ្មែរអាចទិញទំនិញរួចពន្ធនៅតាមផ្សារទំនិញរួចពន្ធទាំងបីសាខារបស់ CDF ដែលមានផលិតផលជាច្រើនដូចជា ទឹកអប់ គ្រឿងសម្អាង ផលិតផលប្រណិតៗ នាឡិកាដៃ កាបូប វ៉ាលី សម្លៀកបំពាក់និងសម្ភារៈតុបតែងខ្លួន -ល- រួមមានម៉ាកផលិតផលល្បីៗជាង 40ម៉ាក ដូចជា Lamer, Dior, SKII, Estee Lauder, MCM ជាដើម។ ជនជាតិខ្មែរអាចទិញផលិតផលដែលមានតម្លៃក្នុងមួយឯកតាមិនទាបជាង៥០ដុល្លារអាមេរិក ហើយក្នុងមួយឆ្នាំអាចទិញទំនិញរួចពន្ធសរុបជាទឹកប្រាក់ចំនួន១០០០០ដុល្លារអាមេរិកក្នុងម្នាក់។

សូមបញ្ជាក់ថា ផ្សារទំនិញរួចពន្ធ មាននៅភ្នំពេញ អាសយដ្ឋាន៖ NagaCity Walk ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕