(ឡុងដ៍)៖ ក្លិបបាល់ទាត់តោខៀវ Chelsea បានសម្រេចទាំងស្រុងនូវការចុះហត្ថលេខាជាមួយខ្សែការពារសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly មកពីក្លិប Napoli លើកិច្ចសន្យារយៈពេល ៤ឆ្នាំ។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា Chelsea បានចំណាយប្រាក់ ៣២លានផោន (៣៨លានដុល្លារ) សម្រាប់នាំយកខ្សែការពារ Koulibaly, ដែលក្លាយជាកីឡាករទី២ បានចុះកិច្ចសន្យាជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុង London ក្នុងរដូវក្តៅនេះ ចាប់តាំងពីក្រុមហ៊ុនសម្ព័ន្ធ ដែលដឹកនាំដោយលោក Todd Boehly បានទិញក្លិបនេះ បន្ទាប់ពីការទៅដល់របស់កីឡាករ Raheem Sterling កាលពីថ្ងៃពុធ។

Koulibaly បានបង្ហាញខ្លួន ៣១៧ប្រកួតសម្រាប់ក្រុមពពកស Napoli បន្ទាប់ពីចូលរួមក្រោយចាកចេញពីក្លិបប៊ែលហ្ស៊ិក Genk កាលពីឆ្នាំ២០១៤ ដោយបានឈ្នះពានរង្វាន់ចំនួន ២លើក និងជាកីឡាករល្អម្នាក់ ក្នុងចំណោមខ្សែការពារកំពូលរបស់ក្លិបអ៉ីតាលីនេះ។

កីឡាករវ័យ ៣១ឆ្នាំរូបនេះបានជាប់លេងឲ្យក្រុមជម្រើសជាតិសេណេហ្គាល់ចំនួន ៦២លើកចាប់តាំងពីបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិលើកដំបូងក្នុងឆ្នាំ២០១៥ និងបានជួយក្រុមឈ្នះពានរង្វាន់ Africa Cup of Nations កាលពីឆ្នាំ២០២១ ដែរ។

សូមជម្រាបថា Chelsea ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ កាលពីរដូវកាលមុននោះ បាននឹងកំពុងស្ថិតក្នុងការប្រកួតមិត្តភាពអន្តរជាតិមុនបើករដូវកាល នៅសហរដ្ឋអាមេរិក។ ពួកគេនឹងចាប់ផ្តើមយុទ្ធនាការថ្មីជាមួយនឹងការធ្វើដំណើរទៅជួបក្រុម Everton នៅថ្ងៃទី០៦ ខែសីហាខាងមុខ៕