(មេនឆេស្ទឺ)៖ ក្លិបបិសាចក្រហម Manchester United បានសម្រេចកិច្ចព្រមព្រៀងជាមួយម្ចាស់ពានរង្វាន់ជើងឯក Eredivisie គឺក្លិប Ajax Amsterdam ក្នុងការចុះកិច្ចសន្យានាំយកខ្សែការពារកណ្តាលសញ្ជាតិអាហ្សង់ទីន Lisandro Martinez ក្នុងតម្លៃ ៤៥លានផោន (៥៣លានដុល្លារ)។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។

សេចក្តីរាយការណ៍បានបន្ថែមថា Martinez បានធ្វើដំណើរទៅកាន់ Manchester ដើម្បីធ្វើតេស្តសុខភាព មុនពេលផ្លាស់ទៅលេងនៅទីនោះ។

កីឡាករវ័យ ២៤ឆ្នាំដែលអាចលេងបានជាខ្សែបម្រើដែរនោះ នឹងក្លាយជាកីឡាករទី៣ ដែលបានចុះកិច្ចសន្យាស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកចាត់ការថ្មី បន្ទាប់ពីការទៅដល់ខ្សែការពារឆ្វេងសញ្ជាតិហូឡង់ Tyrell Malacia និងខ្សែបម្រើសញ្ជាតិដាណឺម៉ាក Christian Eriksen។

កីឡាករដែលជាប់លេង ៧លើកឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ នឹងជួយពង្រឹងតំបន់ការពាររបស់ United។

United ដែលបច្ចុប្បន្នកំពុងប្រកួតមិត្តភាពក្រៅស្រុកមុនរដូវកាលរបស់ពួកគេនៅអូស្ត្រាលីនោះ បានបញ្ចប់នៅចំណាត់ថ្នាក់ទី៦ កាលពីរដូវកាលមុន។ ពួកគេនឹងបើកយុទ្ធនាការថ្មីក្នុងការធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Brighton & Hove Albion នៅថ្ងៃទី០៧ ខែសីហាខាងមុខ៕