(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូន និងបច្ចេកវិទ្យាយក្សមួយរបស់ចិន Xiaomi ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងត្រៀម ខ្លួន ក្នុងការដាក់បង្ហាញគំរូរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅលើទីផ្សារ ស្របពេលដែល ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសចិនកំពុងតែ មាន ការប្រកួតប្រជែងខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។

ក្រុមហ៊ុន Xiaomi បានប្រកាសឈានជើងចូលទីផ្សាររថយន្តអគ្គិសនីកាលពីឆ្នាំមុន ជាមួយនឹងទុកវិនិយោគ ១០ពាន់លានដុល្លារអាមេរិក សម្រាប់រយ:ពេល ១០ឆ្នាំ ហើយសម្រាប់គំរូរថយន្តអគ្គិសនីដំបូងនេះនឹងត្រូវបង្ហាញជាផ្លូវការនៅខែសីហាខាងមុខនេះ បន្ទាប់ពី វាទទួល បានការយកចិត្តទុកដាក់ទៅ លើការផលិតយ៉ាងខ្លាងពីសំណាក់លោក Lei Jun ដែលជាស្ថាបនិកក្រុមហ៊ុន។

បើតាមការបញ្ជាក់បន្ថែមពីសំណាក់ក្រុមហ៊ុន Xiaomi បានឱ្យដឹងថា ក្រោយពេលប្រកាសបង្ហាញគំរូដើមជាផ្លូវការហើយនោះ ក្រុមហ៊ុន ក៏មានបំណងសាកល្បងបើកបរនៅលើផ្លូវផងដែរ។

Xiaomi Auto ដែលជាផ្នែកមួយនៃ Xiaomi និងជាអ្នកទទួលបន្ទុកផលិតរថយន្តអគ្គិសនីនៅមិនទាន់ប្រកាសជាផ្លូវការទាក់ទង នឹង ទីតាំងរោងចក្រដែលនឹងត្រូវផលិតរថយន្តអគ្គិសនី ប៉ុន្តែបើតាមប្រភពផ្សេងៗបានឱ្យដឹងថា ប្រហែលជានឹងត្រូវសាងសង់រោចក្រនៅ ក្នុងតំបន់ Yizhuang ប្រទេសចិន ហើយរថយន្តអគ្គិសនីដំបូងរបស់ Xiaomi នឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ២០២៤៕