(តៃប៉ិ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Foxconn កំពុងទទួលរងការផាកពិន័យប្រមាណ ២៥លានដុល្លារតៃវ៉ាន់ (ប្រហែល ៨៣៥,៦០០ដុល្លារ) ពីរដ្ឋាភិបាលតៃវ៉ាន់ លើការវិនិយោគរបស់ខ្លួននៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន ខណៈដែលមិនមានការយល់ព្រមពីច្បាប់ជាមុន។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចកិច្ចសន្យាធំជាងគេរបស់ពិភពលោកបាននិយាយនៅសប្តាហ៍នេះថា ខ្លួនបានក្លាយជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីបចិនមួយដែលមានឈ្មោះថា Tsinghua Unigroup តាមរយៈការវិនិយោគចំនួន ៥.៣៨ពាន់លានយន់ (ប្រហែល ៧៩៧លានដុល្លារ) ខណៈការចូលរួមនេះគឺតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ។

យ៉ាងណាមិញទាក់ទិននឹងបញ្ហានេះប្រភពបានឱ្យដឹងថា Foxconn មិនបានសុំការអនុញ្ញាតជាមុនពីរដ្ឋាភិបាលតៃវ៉ាន់ មុនពេលការវិនិយោគនេះត្រូវបានធ្វើឡើងនោះឡើយ ដែលវាត្រូវបានអាជ្ញាធរនិយាយថា ជាការបំពានច្បាប់គ្រប់គ្រងទំនាក់ទំនងរបស់កោះនេះជាមួយចិន។ ដោយឡែកការវិនិយោគនេះគឺជាទំហំទឹកបា្រក់ដ៏សន្ធឹកមួយ ដែលបណ្តាលឱ្យនិយតករធ្វើការថ្លឹងថ្លែងថាតើ Foxconn គួរតែត្រូវទទួលរកនូវ «ការផាកពិន័យ» ក្នុងចំនួន ២៥លានដុល្លារតៃវ៉ាន់ (ប្រហែល៨៣៥,៦០០ដុល្លារ) រឺទេ។

ខណៈដែលប្រភពទីពីរបាននិយាយថា Foxconn ទំនងជាត្រូវបានពិន័យជាប្រាក់ចន្លោះពី ៥០,០០០ដុល្លារតៃវ៉ាន់ ទៅ ២០លានដុល្លារតៃវ៉ា់ន់សម្រាប់ការវិនិយោគដោយគ្មានការយល់ព្រម ហើយលើសពីនេះទៅទៀតនិយតករនឹងពិនិត្យលើការវិនិយោគ និងផ្តល់ការសម្រេចចិត្តបន្ទាប់ពីពួកគេបានទទួលពាក្យសុំរបស់ក្រុមហ៊ុន។

គួរបញ្ជាក់ដែរថា ការវិនិយោគនេះកើតឡើងស្របពេលដែលតៃវ៉ាន់កំពុងតែមានការប្រុងប្រយ័ត្នជាខ្លាំងចំពោះមហិច្ឆតារបស់ចិនក្នុងការជំរុញកំណើនឧស្សាហកម្មផលិតបន្ទះឈីប ហើយដើម្បីជាការការពារទៅនឹងអ្វីដែលតៃវ៉ាន់ធ្លាប់ចោទប្រកាន់ចិនថាលួចបច្ចេកវិទ្យាបន្ទះឈីបរបស់ខ្លួននោះ ក៏បានស្នើសុំឱ្យមានច្បាប់ថ្មីមួយ។ ដូច្នេះ Foxconn ទំនងជាធ្វើខុសទៅនឹងច្បាប់ថ្មីនោះរបស់តៃវ៉ាន់ ខណៈដែលគេមិនបានបញ្ជាក់លម្អិតទាក់ទងនឹងការអនុវត្តន៍ច្បាប់នោះឡើយ៕