(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc ត្រូវបានគេរាយការណ៍មកថាបានរកឃើញមានបញ្ហាជាមួយនឹងមុខងារ Autopilot នៅលើរថយន្ត Model X SUV ខណៈបញ្ហានេះត្រូវបានតុលាការទីក្រុង Munich បញ្ជាឱ្យបង់ប្រាក់ដល់អតិថិជនរហូតដល់ ១១២,០០០អឺរ៉ូ (ប្រហែល ១១២,៨៨៤.៨០ដុល្លារ) ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។

យោងតាមរបាយការណ៍បចេ្ចកទេសដែលបង្ហាញដោយទស្សនាវដ្ដីព័ត៌មាន Der Spiegel បានបង្ហាញឱ្យដឹងថា យានជំនិះនេះមិនអាចស្គាល់ឧបសគ្គផ្លូវចង្អៀតដូចជាការដ្ឋានសំណង់នោះទេ ហើយមួយវិញទៀត ពេលខ្លះវានឹងចាប់ហ្រ្វាំងដោយមិនមានជូនដំណឹងជាមុនដែលអាចបង្កជាគ្រោះថ្នាក់ដ៏ធំ ជាពិសេសនោះគឺនៅកណ្តាលទីក្រុង ដែលនិងអាចនាំឱ្យមានការប៉ះទង្គិចគ្នា។

យ៉ាងណាមិញទាក់ទិននឹងបញ្ហានេះមេធាវីរបស់ក្រុមហ៊ុន Tesla បានចេញមុខមកអះអាងថាមុខងារ Autopilot មិនត្រូវបានឌីហ្សាញឡើងសម្រាប់ចរាចរណ៍ទីក្រុងនោះទេ ខណៈដែលចម្លើយទាំងនេះត្រូវបានតុលាការបញ្ជាឱ្យបើកការស៊ើបអង្កេតបន្ត ពីព្រោះថាវាមិនអាចទៅរួចសម្រាប់អ្នកបើកបរក្នុងការផ្លាស់ប្តូរមុខងារបើកបិទក្នុងការកំណត់ផ្សេងគ្នាឡើយដោយតុលាការបានលើកឡើងថាវាជាការរំខានទៅដល់អ្នកបើកបរ។ តែយ៉ាងណាសម្រាប់ Tesla ផ្ទាល់មិនទាន់ចេញមកធ្វើការអត្ថាធិប្បាយណាមួយចំពោះករណីនេះនោះឡើយ។

គួរបញ្ជាក់ដែរថា និយតករសុវត្ថិភាពរបស់សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតមុខងារ Autopilot របស់ក្រុមហ៊ុន Tesla បន្ទាប់ពីទទួលបានរបាយការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៦ករណី រួមទាំងឧប្បត្តិហេតុរងរបួសចំនួន ៧នាក់ និងមនុស្សម្នាក់បានស្លាប់ ដែលត្រូវបានគេមើលឃើញថាវាទំនងជាជាប់ពាក់ព័ន្ធនឹងមុខងារ Autopilot៕