(ឡុងដ៍)៖ ក្លិបបាល់ទាត់តោខៀវ Chelsea បានតែងតាំងលោក Tom Glick ជាប្រធានផ្នែកអាជីវកម្មរបស់ពួកគេ។ នេះបើតាមការប្រកាសពីក្លិប ដែលលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ។

ជាអតីតប្រធានមន្ត្រីពាណិជ្ជកម្មនៃក្រុមហ៊ុន City Football Group លោក Glick នឹងគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្លិប ក្នុងនោះរួមមាន ការគ្រប់គ្រងយុទ្ធសាស្ត្រពាណិជ្ជកម្មសកលរបស់ខ្លួន ជំរុញកំណើនប្រាក់ចំណូល និងបង្កើនការចូលរួមរបស់អ្នកគាំទ្រផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប។

ការតែងតាំងរបស់លោកនេះ បានធ្វើឡើងបន្ទាប់ពីការចាកចេញរបស់មន្ត្រីប្រតិបត្តិ និងសមាជិកបុគ្គលិកមួយចំនួននៅឯក្លិបដែលជាម្ចាស់កីឡដ្ឋាន Stamford Bridge នេះ ក្រោយពីការគ្រប់គ្រងក្លិប ដែលដឹកនាំដោយលោក Todd Boehly និងក្រុមហ៊ុន Clearlake Capital។

សូមរំលឹកថា ក្រុមហ៊ុនសម្ព័ន្ធមួយដែលដឹកនាំដោយលោក Boehly និងក្រុមហ៊ុន Clearlake Capital បានទិញយកក្លិប Chelsea កាលពីខែឧសភា បន្ទាប់ពីលោក Abramovich បានប្រកាសលក់ក្លិប ក្រោយពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលរដ្ឋាភិបាលទីក្រុង Moscow បានហៅថា «ប្រតិបត្តិការយោធាពិសេស» មួយ៕