(មីឡាន)៖ ខ្សែប្រយុទ្ធក្លិប AC Milan កីឡាករ Zlatan Ibrahimovic នឹងបន្តលេងនៅក្លិបដែលជាម្ចាស់ពានរង្វាន់ជើងឯកលីគ Serie A នេះ រហូតដល់លើសអាយុ ៤១ឆ្នាំរបស់លោក បន្ទាប់ពីបានព្រមព្រៀងក្នុងការបន្តកិច្ចសន្យា ១ឆ្នាំបន្ថែមទៀត។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ។

ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងមិនត្រូវបានចេញផ្សាយនោះទេ ប៉ុន្តែប្រភពមួយដែលដឹងពីកិច្ចព្រមព្រៀងនោះបានលើកឡើងថា កីឡាករសញ្ជាតិស៊ុយអែតរូបនេះ បានយល់ព្រមក្នុងការកាត់បន្ថយប្រាក់ខែខ្លះដែរ បន្ទាប់ពីទទួលការវះកាត់ជង្គង់ខាងឆ្វេងកាលពីខែឧសភា។

«AC Milan មានកិត្តិយសសូមប្រកាសថា កិច្ចសន្យារបស់ Zlatan Ibrahimovic ត្រូវបានបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣» នេះបើតាម Milan បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ។ «ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអ៊ែតរូបនេះ នឹងបន្តពាក់អាវលេខ១១ ដដែល»

សូមជម្រាបថា Ibrahimovic ដែលជាកីឡាករកំពូល ក្នុងការរកបានគ្រាប់បាល់ច្រើនជាងគេនៅគ្រប់ពេលទាំងអស់របស់ក្រុមជម្រើសជាតិស៊ុយអែត ជាមួយនឹងការស៊ុតបញ្ចូលទី ៦២គ្រាប់នោះ បានវិលត្រឡប់ទៅលេងនៅអតីតក្លិបដែលលោកធ្លាប់លេងឲ្យ Milan កាលពីខែមករា ឆ្នាំ២០២០ បន្ទាប់ពីចាកចេញពីក្លិបអាមេរិក LA Galaxy។

បើទោះបីជាការទៅលេងជាលើកទី២ របស់លោកនៅឯក្លិប AC Milan នេះ មានការរំខានដោយសាររបួសក្តី Ibrahimovic បានបង្ហាញខ្លួន ៧៤ប្រកួត និងបានស៊ុតបញ្ចូលទី ៣៦គ្រាប់ នៅក្នុងការប្រកួតទាំងអស់ ចាប់តាំងពីការវិលត្រឡប់របស់លោក ដោយបានជួយឲ្យក្លិបអ៉ីតាលីមួយនេះដណ្តើមបានពានរង្វាន់ Serie A ជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល ១១ឆ្នាំចុងក្រោយនេះ៕