(រ៉ូម)៖ ខ្សែប្រយុទ្ធលំដាប់អន្តរជាតិអាហ្សង់ទីន Paulo Dybala បានព្រមព្រៀងក្នុងការចុះកិច្ចសន្យាលេងឲ្យក្លិបអ៉ីតាលីដដែល AS Roma នៅ Serie A លើការផ្ទេរដោយឥតបង់ថ្លៃ បន្ទាប់ពីចាកចេញពីក្លិប Juventus។ នេះបើតាមប្រភពដែលជិតស្និទ្ធជាមួយក្លិបបានប្រាប់សារព័ត៌មាន Reuters ចុះផ្សាយនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ។

Dybala ដែលមានការជាប់ពាក់ព័ន្ធជាមួយការផ្ទេរទៅលេងឲ្យ Inter Milan បន្ទាប់ពីកិច្ចសន្យារបស់លោកជាមួយ Juventus បានផុតកំណត់នោះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយ Roma ក្នុងតម្លៃ ៦លានអឺរ៉ូ (៦.០៩លានដុល្លារ)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអ៉ីតាលី ANSA។

កីឡាករវ័យ ២៨ឆ្នាំ ដែលបានឈ្នះពានរង្វាន់លីគចំនួន៥ និងពានរង្វាន់ Coppa Italia ចំនួន៤ ជាមួយសេះបង្កង់ Juventus បន្ទាប់ពីចូលរួមជាមួយក្លិបនេះ ក្រោយចាកចេញពីក្លិប Palermo ក្នុងឆ្នាំ២០១៥ ដោយបានស៊ុតបញ្ចូលទី ១១៥គ្រាប់ ក្នុងការបង្ហាញខ្លួន ២៩៣ប្រកួតក្នុងការប្រកួតទាំងអស់។

Dybala នឹងក្លាយជាកីឡាករទី៤ ដែលបានចុះកិច្ចសន្យាជាមួយក្លិប Roma ក្នុងរដូវកាលដោះដូរកីឡាករនេះ បន្ទាប់ពីការទៅដល់នៃខ្សែបម្រើ Nemanja Matic អ្នកចាំទី Mile Svilar និងខ្សែការពារ Zeki Celik។

សូមជម្រាបថា Roma បានបញ្ចប់នៅចំណាត់ថ្នាក់ទី៦ ក្នុងលីគ Serie A កាលពីរដូវកាល និងបានឈ្នះពានរង្វាន់ Europa Conference League ដែលស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ លោក Jose Mourinho៕