(បរទេស)៖ ថ្មីៗនេះ TikTok បានប្រកាសបង្ហាញឱ្យដឹងថា ប្រធានផ្នែកសន្តិសុខ (CSO) របស់ខ្លួនគឺលោក Roland Cloutier នឹងចុះចេញពីតំណែងចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។

ទន្ទឹមនឹងការប្រកាសបង្ហាញខាងលើនេះលោក Cloutier នឹងចាកចេញពីតួនាទីបច្ចុប្បន្នជាអ្នកមើលការខុសត្រូវផ្នែកសន្តិសុខអ៊ីនធឺណិត ទៅកាន់តួនាទីជាទីប្រឹក្សានៅក្នុងក្រុមហ៊ុនជំនួសវិញ ដើម្បីផ្តោតទៅលើផលប៉ះពាល់អាជីវកម្មនៃកម្មវិធីសុវត្ថិភាព និងទំនុកចិត្តរបស់TikTok។ ខណៈការផ្លាស់ប្តូរស្ថាប័ននេះកើតឡើងស្របពេលដែលកម្មវិធីវីដេអូខ្លីៗដ៏ពេញនិយមដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងពីមន្ត្រីសហរដ្ឋអាមេរិក។

យ៉ាងណាមិញនាយកប្រតិបត្តិ (CEO) TikTok លោក Shou Zi Chew និងអនុប្រធានផ្នែកបច្ចេកវិទ្យា ByteDance លោក Dingkun Hong មានប្រសាសន៍ថា ការផ្លាស់ប្តូរនេះកើតឡើងជាវិធីមួយដើម្បី «កាត់បន្ថយការព្រួយបារម្មអំពីសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់សហរដ្ឋអាមេរិក» ប៉ុន្តែក៏ជាការ «ផ្លាស់ប្តូរវិសាលភាពនៃតួនាទីរបស់ប្រធានសន្តិសុខសកល (CSO) ផងដែរ»។

ម្យ៉ាងវិញទៀតការផ្លាស់ប្តូរនេះគឺស្ថិតនៅក្រោមការព្រួយបារម្ភថា ប្រទេសចិនអាចនឹងលួចទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក។ ដោយឡែកកាលពីខែមុន BuzzFeed News បានចេញផ្សាយរបាយការណ៍ដែលអះអាងថា បុគ្គលិក TikTok នៅក្នុងប្រទេសចិន ធ្លាប់បានចូលប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់អាមេរិក «ម្តងហើយម្តងទៀត» ជាច្រើនលើកច្រើនសារ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ មកដល់ខែមករា ឆ្នាំ២០២២។

ក្រោមហេតុផលនេះហើយបានជាកាលពីខែមិថុនាកន្លងទៅដើម្បីធ្វើឱ្យអ្នកប្រើប្រាស់អាមេរិកស្ងប់ចិត្ត TikTok បានប្រកាសថាខ្លួននឹងចាប់ផ្តើមបញ្ចូនទិន្នន័យអ្នកប្រើប្រាស់អាមេរិកទាំងអស់រក្សាទុកនៅក្នុងក្រុមហ៊ុន Oracle របស់អាមេរិកក្នុងគោលបំណងដើម្បីលុបបំបាត់ការភ័យខ្លាចថាប្រទេសចិន ដែលជាកន្លែងក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance អាចនឹងមានសិទ្ធិលួចចូលប្រើប្រាស់ទិន្នន័យទាំងនោះ។

គួរបញ្ជាក់ដែរថា ការលាលែងពីតំណែងរបស់លោក Cloutier ចាប់ពីថ្ងៃទី០២ ខែកញ្ញាខាងមុខនេះ នឹងត្រូវបានជំនួសដោយ អ្នកនាង Kim Albarella ដែលត្រូវបានតែងតាំងជាប្រធានបណ្តោះអាសន្ននៃអង្គការសន្តិសុខសកលរបស់ TikTok៕