(ក្រុងគៀវ)៖ ក្លិបបាល់ទាត់អាជីព Shakhtar Donetsk ដែលលេងក្នុងលីគកំពូលរបស់ប្រទេសអ៊ុយក្រែន បានសម្រេចដាក់ពាក្យប្តឹងទៅតុលាការកីឡាអន្តរជាតិ CAS ដើម្បីទាមទារសំណងជាទឹកប្រមាណ ៤៣លានផោនដែលពួកគេបានខាតបង់ ដោយសារតែច្បាប់ថ្មីរបស់ FIFA លើតម្លៃផ្ទេរកីឡាករ។

កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានដាក់ចេញនូវច្បាប់១ ចំពោះកីឡាករបរទេសនានាដែលលេងនៅប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រទេសនៅអឺរ៉ុបមួយនេះបានទទួលរងសង្រា្គមពីសំណាក់ប្រទេសក្បែរខាងរុស្ស៊ី ដែលកិច្ចសន្យារបស់កីឡាករបរទេសទាំងនោះ ត្រូវព្យួរជាបណ្តោះអាសន្ន។

លោក Sergei Palkin នាយកប្រតិបត្តិ Donetsk បានថ្លែងប្រាប់ BBC ថា «ពួកយើងត្រូវតែធ្វើបែបនេះ ដោយសារតែច្បាប់ពុំមានតម្លាភាពរបស់ FIFA។ ច្បាប់ថ្មីនេះ មានន័យថា ក្លិបរបស់ពួកយើងបន្តបាត់បង់ចំណូលថែមទៀត បើតាមពួកយើងគិត ដ្បិតក្លិបដទៃទៀតបានទទួលស្ថានភាពនេះដូចគ្នា ក៏ព្រោះតែសង្រ្គាមពុំទាន់បញ្ចប់»

លោកបានបន្ថែមថា «FIFA ពុំមានបំណងការពារក្លិបនានា ហើយក៏ពុំបានពិភាក្សាជាមួយពួកយើងក្នុងការរកដំណោះស្រាយនោះទេ ដែលនៅតែបន្តធ្វើព្រងើយកន្តើយដដែល តាំងពីសង្រ្គាមបានកើតឡើងមកម្ល៉េះ»

Shakhtar Donetsk ជាក្លិបធំជាងគេនៅប្រទេសអ៊ុយក្រែន ដែលជាញឹកញាប់តែងតែបង្ហាញខ្លួននៅពានរង្វាន់អឺរ៉ុប UEFA Champions League មានការខឹងសម្បារយ៉ាងខ្លាំងពីការខាតបង់ប្រាក់ នៅពេលកីឡាកររបស់ពួកគេ ៤នាក់បានចាកចេញ ដោយសារតែច្បាប់ថ្មីព្យួរកិច្ចសន្យារបស់ FIFA ដែលមានតម្លៃសរុបប្រហែល ៤៣លានផោននោះ៕