(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់ ត្រូវរៀបចំ និងត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ បន្ទាប់ពីក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) បានអនុម័តប្រភេទកីឡាសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជារួចមក។

នេះបើតាមការបញ្ជាក់ក្នុងកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិនាល្ងាចថ្ងៃចន្ទ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីជូនដំណឹងអំពីការសម្រេចប្រភេទកីឡាក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានអនុម័តលើកីឡាចំនួន ៣៩ប្រភេទ និងកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៣ ខែកកក្កដាកន្លងទៅ។

ប្រតិបត្តិករកីឡារូបនេះបានលើកឡើងថា ក្រោយការអនុម័តខាងលើ សហព័ន្ធកីឡាជាតិ ឈប់ស្រពេចស្រពិលរឿងមានឈ្មោះ ឬមិនមានឈ្មោះក្នុងស៊ីហ្គេមទៀតហើយ តែជាពេលវេលាអនុវត្តតួនាទីភារកិច្ចឲ្យបានច្បាស់លាស់ និងគត់មត់បំផុត។ រីឯការរៀបចំយុទ្ធសាស្ដ្រត្រូវរក្សាការសម្ងាត់ក្នុងលក្ខខណ្ឌបច្ចេកទេស ហើយបន្ដធ្វើយុទ្ធសាស្ដ្រស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកឧត្តមភាពក្នុងនាមជាម្ចាស់ផ្ទះ។

លោកបន្ដថា «សហព័ន្ធកីឡាជាតិ ត្រូវត្រៀមខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ ហើយបែងចែកភារកិច្ចគ្នាឲ្យបានច្បាស់លាស់ តើសហព័ន្ធធ្វើអ្វីខ្លះ សហការធ្វើអ្វីខ្លះ? សហព័ន្ធទាំងអស់ ត្រូវមានតួនាទីភារកិច្ចទទួលខុសត្រូវឲ្យបានគត់មត់ ហើយចាប់ពីឥលូវទៅ សហព័ន្ធកីឡាជាតិ គាត់ត្រូវធ្វើការឲ្យបានជាក់លាក់។ អ៊ីចឹងអ្វីដែលជាកិច្ចប្រជុំ យើងបានបែងចែកឲ្យច្បាស់នូវតួនាទីភារកិច្ចនេះ នូវអ្វីដែលត្រូវធ្វើ អ្វីដែលមិនត្រូវធ្វើ»

ចំពោះទំនួសខុសត្រូវសំខាន់ៗ ដែលសហព័ន្ធត្រូវយកចិត្តទុកដាក់ ទី១-គឺការអភិវឌ្ឍសមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួនឲ្យមានគុណផលខ្ពស់ ទី២-ការបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម ឲ្យមានសមត្ថភាពស្ដង់ដារអន្ដរជាតិ ដើម្បីរៀបចំការប្រកួតឲ្យទទួលបានជោគជ័យ និងទី៣-ការរៀបចំទីលានប្រកួត ជាមួយគណៈកម្មការជំនាញ CAMSOC ឲ្យបានរួចរាល់ក្នុងឆមាសទី២។ លោក វ៉ាត់ ចំរើន បន្ថែម។

មន្ដ្រីជំនាញដែលទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំ ដើម្បីអនុវត្តលើការងារបច្ចេកទេសរូបនេះ បានសង្កត់ធ្ងន់ថា «អ្វីដែលយើងត្រូវសង្កត់ធ្ងន់ គឺការបែងចែកតួនាទីភារកិច្ចឲ្យគាត់ (សហព័ន្ធកីឡាជាតិ) ហើយឲ្យពួកគាត់ធ្វើការតាមដាន ត្រួតពិនិត្យខ្លួនឯង ទៅលើអ្វីដែលគាត់បានធ្វើ និងមិនទាន់ធ្វើ ហើយអ្វីដែលគាត់អាចជំរុញបាន។ យើងជឿជាក់លើសហព័ន្ធរបស់យើង ដែលត្រូវបានត្រៀមលក្ខណៈមុននេះ ថានឹងទទួលបានជោគជ័យក្នុងការរៀបចំរបស់គាត់បាន»