(បរទេស)៖ ជាងមួយឆ្នាំមុន ក្រុមហ៊ុន Huawei បានប្រកាសថាខ្លួនកំពុងចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនមានឈ្មោះថា Arcfox ដើម្បីផលិតរថយន្តអគ្គិសនីប្រណីតដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា HI (Huawei Inside) របស់ខ្លួនដែលគ្រោងដាក់ដំណើរការនៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២២ នេះ។ ឥលូវនេះទទួលបានរបាយការណ៍បន្ថែមហើយទាក់ទងជាមួយនឹងប្រព័ន្ធដំណើររថយន្តថ្មីនោះ ថែមទាំងកំពុងត្រៀមខ្លួនចូលផលិតកម្មឆាប់ៗនេះទៀតផង ។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២នេះបានឱ្យដឹងថារថយន្តអគ្គិសនីថ្មីដែល Huwei សហការផលិតជាមួយ Arcfox ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្ត BAIC Group នោះមានឈ្មោះថា Arcfox Alpha-S។ Arcfox Alpha-S គឺជារថយន្តដែលផលិតជាលើកដំបូងដែលត្រូវបានដាក់ដំណើរការជាមួយ «HI» Systems របស់ក្រុមហ៊ុន Huawei រួមទាំងបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Harmony OS និងមានសមត្ថភាពបើកបរស្វ័យភាពកម្រិត 3 (level-3 autonomous driving) ថែមទៀតផង។

យ៉ាងណាមិញចំពោះដំណើរការ Autonomous Driving System នេះវិញនឹងមកជាមួយមុខងារពិសេសៗជាច្រើន រួមមានសមត្ថភាព 400 TOPs Computing និងត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Sensing ជាច្រើនដូចជា LiDAR sensors ចំនួន ៣, mmW radar sensors ចំនួន ៦, ultrasonic sensors ចំនួន ១២, ADS units ចំនួន ៩ និងបំពាក់កាមេរ៉ារហូតដល់ទៅ ៤គ្រាប់ឯណោះ។

បើយោងតាមរបាយការណ៍បានបញ្ជាក់ថា Arcfox Alpha-S បានដាក់លក់តាំងពីខែមករាមកម្លេះ ប៉ុន្តែមានតែរថយន្តមួយចំនួនតូចប៉ុណ្ណោះ ពោលគឺគ្រាន់តែជាការដាក់សាកល្បងដល់អ្នកប្រើប្រាស់ ខណៈដែលផលិតកម្មដ៏ធំនេះកំពុងត្រៀមឈានជើងចូលរោងចក្រផលិត Zhenjiang ក្នុងពេលឆាប់ៗនេះ៕