(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយប្រតិភូកីឡានិស្សិតកម្ពុជា ត្រូវចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រថៃ បន្ទាប់ពីលើកពេលកាលពីឆ្នាំ២០២១ កន្លងទៅ ដោយសារវិបត្តិកូវីដ-១៩ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ក្នុងពិធីសំណេះសំណាលនេះ លោក ស សុខា បានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ ក្នុងម្នាក់ ជូនដល់ប្រតិភូកីឡានិស្សិតកម្ពុជា ចំនួន៤៨នាក់ ដែលត្រូវចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០ នៅប្រទេសថៃ។

លោក ស សុខា បានបញ្ជាក់ថា ការប្រកួតកីឡាសាកលវិទ្យាល័យ កម្រិតអាស៊ាននេះ ត្រូវបានប្រារព្ធធ្វើរៀងរាល់ ២ឆ្នាំម្ដង ក្នុងគោលបំណងជួបជុំនិស្សិតក្នុងតំបន់អាស៊ាន ដើម្បីប្រកួតកីឡា និងផ្លាស់ប្ដូរវប្បធម៌ ប្រពៃណី បង្កើនចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងភាពសុខដុមនីយកម្ម ដែលឆ្នាំនេះជាលើកទី២០ហើយ នៅលើទឹកដីនៃប្រទេសថៃ។

លោក ស សុខា បានផ្ដាំផ្ញើដល់ប្រតិភូកីឡាទាំងអស់ ដែលត្រូវទៅចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០ នៅប្រទេសថៃ ចំនួន ៧ចំណុច រួមមាន៖

*ទី១៖ សូមថែរក្សាសុខភាព និងមានអនាម័យខ្ពស់ ជាពិសេស «៣កុំ និង៣ការពារ» ទាំងការធ្វើដំណើរ និងដល់ប្រទេសថៃ ដែលមិនត្រូវធ្វេសប្រហែស និងមើលស្រាលលើកូវីដ-១៩ បំប្លែងថ្មីៗនោះឡើយ។
*ទី២៖ សូមយកចិត្តទុកដាក់អនុវត្តអោយបានត្រឹមត្រូវទៅតាមគោលការណ៍ និយាមបច្ចេកទេស ដែលបានកំណត់ដោយគណៈកម្មការរៀបចំការប្រកួត។
*ទី៣៖ សូមរក្សាសីលធម៌ល្អ ចេះគោរព ចេះអធ្យាស្រ័យ និងយោគយល់គ្នា ដើម្បីធានាឲ្យការចូលរួមប្រកួត ប្រកបដោយសុខសុវត្ថិភាព យុត្តិធម៌ រកឲ្យឃើញកីឡាករ កីឡាការិនីឆ្នើមពិតប្រាកដ ដែលមានទេពកោសល្យ និងកាយសម្បទាល្អ សម្រាប់បន្តបណ្ដុះបណ្ដាលអោយក្លាយទៅជាកីឡាករ កីឡាការិនី តំណាងជាតិ។
*ទី៤៖ ត្រូវចេះចងមិត្តភាព សាមគ្គីភាព យល់ដឹងពីប្រពៃណី និងវប្បធម៌របស់បណ្តាប្រទេសអាស៊ានដែលចូលរួម និងត្រូវបណ្ដុះគំនិតស្រលាញ់ជាតិ និងការចេះសហការគ្នាជាក្រុម។
*ទី៥៖ សង្ឃឹមមុតមាំថា ក្រុមកីឡាករ កីឡាការិនី និស្សិតយើងឆ្នាំនេះ នឹងទទួលបានលទ្ធផលល្អ និងមេដាយច្រើនជាងឆ្នាំមុនៗ។
*ទី៦៖ សូមថ្នាក់ដឹកនាំយើងទាំងអស់ ដើរតួនាទីជួយសម្រួលរាល់បញ្ហាប្រឈមនានាទាំងការស្នាក់នៅ ហ្វឹកហាត់ ប្រកួត និងជាអ្នកផ្ដល់ការគាំទ្រធំធេងដល់អត្តពលិក។
*ទី៧៖ សូមថ្នាក់ដឹកនាំទាំងអស់យកចិត្តទុកដាក់រៀនសូត្រអំពីការរៀបចំព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០ ដោយចេះកត់ចំណាំរាល់ចំណុចថ្មីៗ រឺកត់ត្រាចំណុចល្អៗរបស់ម្ចាស់ផ្ទះថៃ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អន្តរជាតិនៅកម្ពុជា ជាពិសេសស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង។

លោក ស សុខា បានរំលឹកពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១៩ នៅប្រទេសមីយ៉ាន់ម៉ា ដែលកម្ពុជាបានបញ្ជូនប្រតិភូកីឡាសិស្ស និស្សិត ចំនួន ៧៧នាក់ ដោយទទួលបានលទ្ធផលមេដាយសរុប ចំនួន ២៧គ្រឿង ក្នុងនោះមេដាយមាស ៥គ្រឿង ប្រាក់ ១០គ្រឿង និងមេដាយសំរឹទ្ធ ១២គ្រឿង ប៉ុន្តែយ៉ាងណាក្ដី ចំណាត់ថ្នាក់រួមកម្ពុជាយើង ស្ថិតក្នុងលំដាប់ទី៨ ដែលនៅចំណាត់ថ្នាក់លើប្រទេសទីម័រឡេស្ត ហ្វីលីពីន និងព្រុយណេ។

នេះបញ្ជាក់ពីភាពរីកចម្រើនដ៏ធំធេង និងត្រចះត្រចង់ ដែលបានរួមចំណែកក្នុងការកសាងធនធានមនុស្ស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ហើយក៏បានចូលរួមចំណែកពង្រឹងសមត្ថភាពបច្ចេកទេស
ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងកំពុងធ្វើការកែទម្រង់ស៊ីជម្រៅ ដោយវិមជ្ឈការការងារ ជាពិសេសកំណែទម្រង់ការប្រកួតគ្រប់កម្រិតគឺ ៖

*ទី១៖ ការរៀបចំការប្រកួតកីឡាជាតិ National Games រៀងរាល់ពីរឆ្នាំម្ដង។
*ទី២៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ៤ប្រភេទកីឡា ប្រចាំឆ្នាំ មកជាការប្រកួតកីឡាសិស្សថ្នាក់ជាតិជាលក្ខណៈហ្គេមវិញ ( National School Games ) ស្របទៅតាមការប្រកួតកីឡាសិស្សអាស៊ាន (ASEAN School GAMES)។
*ទី៣៖ ការប្រកួតកីឡាឧត្ដមសិក្សានិងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯក ៤ប្រភេទកីឡា ប្រចាំឆ្នាំ មកជាការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ ជាលក្ខណៈហ្គេម (National University GAMES) ស្របតាមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University GAMES) និងការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោករដូវក្ដៅ (World Summer Universiade) ។
សូមបញ្ជាក់ថា រាល់ការកំណែទម្រង់ខាងលើនេះ គឺដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ៕