(ភ្នំពេញ)៖ នាថ្ងៃអង្គារ ទី១៩ ខែកក្កដា នៅសណ្ឋាគារហៃយ៉ាត់រេជិនស៉ីភ្នំពេញ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន៩ធំៗ ដែលនាំយកនូវម៉ាកអាជីវកម្មជាង៣០បន្ថែមទៀត សម្រាប់ប្រតិបត្តិការមណ្ឌលផ្សារទំនើបខ្នាតយក្ស ២៧១ មេហ្គាម៉ល ដែលប្រកបដោយសក្ដានុពល ប្រសិទ្ធិភាព និង ភាពស៊ីវិល័យ។ គិតត្រឹមរយៈពេល២ខែចុងក្រោយ មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល បានចុះអនុស្សារណៈនៃការយោគយល់ ជាមួយម៉ាកអាជីវកម្មធំៗជាង៥០។

លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានឲ្យដឹងថា ការចុះអនុស្សារណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណង៣ធំៗ៖

*ទីមួយគឺ ដើម្បីបង្ហាញពីការចាប់ដៃគ្នារវាងជីប ម៉ុង រីថែល និងដៃគូ ក្នុងការផ្ដល់ជូននូវផលិតផល សេវាកម្ម និងបទពិសោធន៍ដែលមានគុណភាពខ្ពស់ជូនអតិថិជន។

*ទីពីរគឺសបញ្ជាក់ពីទំនុកចិត្តរបស់ក្រុមហ៊ុន ធំៗទាំងអស់ មកកាន់មណ្ឌល ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល និងទីបី គឺបង្ហាញនូវការតាំងចិត្តជាធ្លុងមួយ ក្នុងការបង្កើនសក្ដានុពលរបស់វិស័យលក់រាយនៅកម្ពុជា។

ក្រុមហ៊ុនដែលបានចុះអនុស្សារណៈនៃការយោគយល់នៅថ្ងៃនេះ មកពីវិស័យ៤ធំៗ រួមមាន វិស័យម្ហូបអាហារ និង ភេសជ្ជៈ វិស័យសម្លៀកបំពាក់ វិស័យថែរក្សាសម្រស់ និងវិស័យផ្គត់ផ្គង់គ្រឿងបរិក្ខាអេឡិចត្រូនិច។

ក្រុមហ៊ុន៥ធំៗដែលស្ថិតក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ នឹងនាំយកនូវម៉ាកម្ហូបអាហារ និងភេសជ្ជៈល្បីៗចំនួន១០មកកាន់ មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល នេះ។ ម៉ាកទាំងនោះ រួមមាន ហាងមាន់បំពង Master Grill, ហាងស៊ុប Master Suki Soup និងហាងប៊ូហ្វេ Sakura របស់ក្រុមហ៊ុន Master Group, ហាងលក់គ្រឿងសមុទ្រ Fun Crab, ហាងបឺហ្គឺរ Qyubies និង ហាងជប៉ុន Hiko Teppanyaki របស់ក្រុមហ៊ុន Fun Food Co., Ltd, ហាងលក់មុខម្ហូបអាស៉ី The Asian Kitchen និង ហាងនំបុ័ង Tous les Jours របស់ក្រុមហ៊ុន Yinkok Food Corp, ហាងជប៉ុន Yuzu Suki និង ហាងកាហ្វេល្បីរបស់អាមេរិក Starbucks។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ក្រុមហ៊ុនចំនួន៤ស្ថិតក្នុងវិស័យផ្សេងគ្នា ដូចជា ក្រុមហ៊ុនលក់សម្លៀកបំពាក់ Zando Group រួមមានម៉ាក Ten11, 361° និង Routine, ក្រុមហ៊ុនចែកចាយម៉ូដស្បែកជើងទំនើបៗ Rich Avenue រួមមានម៉ាក Converse, Geox, Ecco, Barrel និង Havaianas, ក្រុមហ៊ុនថែរក្សានិងច្នៃម៉ូដសក់ Leekaja និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈក្នុងផ្ទះនិងគ្រឿងអេឡិចត្រូនិច Kfour ក៏នឹងមានវត្តមានក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ២៧១ មេហ្គាម៉លដែរ។

ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល តំណាងនៃក្រុមហ៊ុននីមួយៗ សុទ្ធតែបង្ហាញនូវទំនុកចិត្តខ្ពស់ និងភាពជឿជាក់ខ្លាំង ក្នុងការទទួលបានជោគជ័យ ក្រោមហេតុផលដូចខាងក្រោម៖

*មណ្ឌលផ្សារទំនើបខ្នាតយក្ស ២៧១ មេហ្គាម៉ល មានទីតាំងល្អ ដែលស្ថិតនៅក្នុងតំបន់កណ្តាលនៃទីក្រុងភ្នំពេញ ជាបណ្តុំសេដ្ឋកិច្ចក៏ដូចជាផ្តល់នូវភាពងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវដែលនាំមកនូវភាពអ៊ូអរចំពោះអាជីវកម្មផ្សេងៗ។

*ផ្សារទំនើបនេះ មានទំហំធំទូលាយ ការរចនាទំនើប ប្លែកភ្នែកទាំងខាងក្នុងនិងខាងក្រៅ ផ្តល់នូវការទាក់ទាញ សោភ័ណ្ខភាពថ្មី និងសម្បូរបែប។

*ម៉ាកអាជីវកម្មដទៃជាច្រើនទៀតដែលមានវត្តមានក្នុងមណ្ឌលផ្សារទំនើប នេះ សុទ្ធតែជាម៉ាកធំៗដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងក្នុង និងក្រៅស្រុក។

*បន្ថែមពីនេះ ជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានចាក់ឫសយ៉ាងរឹងមាំក្នុងទីផ្សារកម្ពុជា និងបានបន្តពង្រីកខ្លួនកាន់តែធំ ក្នុងការក្ដោបក្ដាប់ពាណិជ្ជកម្មយ៉ាងច្រើនវិស័យ។ ភាពរឹងមាំរបស់ក្រុមហ៊ុន ជីប ម៉ុង បានផ្ដល់ទំនុកចិត្តកាន់តែខ្លាំងដល់ដៃគូអាជីវកម្មទាំងអស់។

ក្រុមហ៊ុនទាំងអស់សុទ្ធតែនាំមកនូវការរចនា ភាពច្នៃប្រឌិត និងលក្ខណៈពិសេសប្លែកៗ ដែលមិនធ្លាប់មានពីមុន មកកាន់មណ្ឌលផ្សារទំនើបខ្នាតយក្ស ២៧១ មេហ្គាម៉ល ដែលនឹងបើកដំណើរការនៅពេលឆាប់ៗខាងមុខនេះ។

សម្រាប់ព័ត៌មានលម្អិតអំពីការជួលទីតាំងអាជីវកម្មនៅក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមទាក់ទងតាមរយៈ 066 922 888/085 922 888/093 922 888 ឬអ៉ីម៉ែល [email protected] ឬហ្វ៊េសប៊ុកផេក Chip Mong 271 Mega Mall https://www.facebook.com/chipmong271megamall