(វ៉ុលវើហេមតុន)៖ ខ្សែប្រយុទ្ធ Fabio Silva របស់ក្លិបអង់គ្លេស Wolverhampton Wanderers បានចុះកិច្ចសន្យារយៈពេល ១ឆ្នាំទៀត មុនពេលផ្លាស់ទៅលេងខ្ចីជើងឲ្យក្លិបប៊ែលហ្ស៊ិក Anderlecht។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅ Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នេះ។

កីឡាករលំដាប់អន្តរជាតិសញ្ជាតិព័រទុយហ្គាល់ កម្រិត Under-21 រូបនេះ បានចូលរួមជាមួយ Wolves ក្រោយចាកចេញពីក្លិប FC Porto កាលពីឆ្នាំ២០២០ ជាមួយនឹងតម្លៃខ្លួន ៣៥លានផោន និងបានបង្ហាញខ្លួន ៥៤ប្រកួតនៅក្នុងលីគ ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់ដែរ។

កីឡាករ Silva ដែលបានឈានចូលវ័យ ២០ឆ្នាំនៅថ្ងៃអង្គារ នឹងផ្លាស់ទៅលេងខ្ចីជើងនៅឯក្លិបដែលលេងនៅលីគកំពូលប៊ែលហ្ស៊ិក ក្នុងរយៈពេល ១រដូវកាល ហើយរំពឹងថា នឹងមានពេលវេលាលេងច្រើន ខណៈក្លិបកំពុងប្រកួតប្រជែង ដើម្បីដណ្តើមយកពានរង្វាន់លីគ៕