(បរទេស)៖ តុលាការបានបញ្ជាក់ឱ្យដឹងថា សំណុំរឿងលោក Elon Musk ដើរចេញពីកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិក ដែលបានប្ដឹងដោយក្រុមហ៊ុន Twitter នឹងត្រូវលើកយកមកកាត់ក្ដីនៅខែតុលាខាងមុខនេះ ដែលវាជាការតស៊ូផ្នែកច្បាប់មួយរបស់ Twitter ក្នុងការប្រឆាំងនឹងកំពូលមហាសេដ្ឋីលំដាប់លេខមួយរូបនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

ដើមហេតុដែលនាំឱ្យកើតមានបណ្ដឹងនេះឡើងដោយសារតែ លោក Musk បានប្រកាសដើរចេញពីកិច្ចព្រមព្រៀងទិញលក់រវាងលោក និងក្រុមហ៊ុន Twitter កាលពីប៉ុន្មានថ្ងៃមុន ដែលនាំឱ្យ Twitter មានការខឹង និងបានដាក់ឱ្យប្ដឹងតែម្ដង ខណ:ដែលការដើរចេញពីនេះ គឺដោយសារតែលោក Musk មិនទទួលបានព័ត៌មានលម្អិតទាក់ទងនឹងគណនីក្លែងក្លាយដែលមានតិចជាង ៥ភាគរយតាមការអះអាងរបស់ Twitter។

គួរបញ្ជាក់ផងដែរថា លោក Musk បានព្យាយាមស្នើសុំទិញ Twitter ជាច្រើនដង ហើយនៅទីបំផុតក៏កើតមានកិច្ចព្រមព្រៀងទិញលក់ក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិកនេះឡើយ ប៉ុន្តែស្ថានការណ៍បែរជាប្រួលប្រែ ដោយលោក Elon Musk មានបំណងចង់ឈប់ទិញវិញ បន្ទាប់ពី Twitter មិនបានបង្ហាញព័ត៌មានលម្អិតអំពីគណនីក្លែងក្លាយ៕