(បរទេស)៖ ក្រុមហ៊ុន Netflix បានប្រកាសឱ្យដឹងថា ខ្លួនកំពុងតែជួបបញ្ហាធំមួយនោះគឺបានបាត់បង់អតិថិជន (subscriber) រហូតដល់ ជិត ១លាននាក់ នៅចន្លោះខែមេសាដល់មិថុនា ប៉ុន្តែបានព្យាករណ៍ថា នឹងទទួលបានកំណើតអតិថិជនវិញនៅត្រីមាសទី៣ឆ្នាំនេះ ខណ: ដែលក្រុមអ្នកវិភាគ និងវិនិយោគជាច្រើនបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំងទៅលើបញ្ហានេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ភាគហ៊ុនរបស់ ក្រុមហ៊ុន Netflix បានធ្លាក់ចុះរហូតដល់ ៦៧ភាគរយនៅក្នុងឆ្នាំនេះ ហើយបើតាមក្រុមអ្នកជំនាញបានអះអាងថា បើទោះបីជានៅពេលនេះ Netflix បានបាត់បង់អតិថិជនក្ដី ក៏ Netflix នៅតែអាចស្វែងរកអតិថិជនថ្មីបាន ខណ:ដែលសេដ្ឋកិច្ចពិភពលោកកំពុងមានភាពរង្គោះរង្គើ ហើយអតិថិជនថ្មីរបស់ Netflix គឺនឹងទទួលបានភាគច្រើននៅសហរដ្ឋអាមេរិក និងកាណាដា។

ក្រុមហ៊ុនផ្ដល់សេវាកម្ម streaming ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បាននិយាយថា ខ្លួនគ្រោងនឹងចាប់ផ្តើមជម្រើសដែលគាំទ្រការផ្សាយពាណិជ្ជកម្មនៅឆ្នាំក្រោយ ហើយ Netflix បាននិយាយកាលពីខែមេសាថា ខ្លួនរំពឹងថានឹងបាត់បង់អតិថិជន ប្រមាណ ២លាននាក់នៅក្នុងត្រីមាសទី២ ដែលបានធ្វើឱ្យ ស្ថាប័នវិភាគ Wall Street មានការភ្ញាក់ផ្អើល និងបង្កើនការព្រួយបារម្ភ។

បើទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុន Netflix បានព្យាករណ៍ថា សម្រាប់ខែកក្កដាដល់ខែកញ្ញា អតិថិជននឹងកើនឡើងដល់ ១លាននាក់ ខណៈដែលអ្នកវិភាគ Wall Street ថា នឹងកើនឡើងជាមធ្យម ១,៨៤លាននាក់៕